អាមេរិក៖សហរដ្ឋអាមេរិកកំពុងការពារពលរដ្ឋអ៊ុយក្រែននៅក្នុងប្រទេសពីការនិរទេស ខណៈការឈ្លានពានរបស់រុស្ស៊ីបន្តជំរុញប្រជាជនរាប់សែននាក់ចេញពីអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងពង្រីកស្ថានភាពការពារបណ្តោះអាសន្ន (TPS) ដល់ប្រជាជនអ៊ុយក្រែនរយៈពេល ១៨ខែ ដោយសារតែ "ជម្លោះប្រដាប់អាវុធដែលកំពុងបន្ត និងលក្ខខណ្ឌវិសាមញ្ញ និងបណ្តោះអាសន្ន" នៅក្នុងប្រទេស។

ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីអ្នកតស៊ូមតិផ្នែកអន្តោប្រវេសន៍ និងសមាជិកសភាអាមេរិកបានអំពាវនាវដល់ប្រធានាធិបតី Joe Biden ឱ្យការពារប្រជាជនអ៊ុយក្រែនដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន ដូចជាសិស្ស និស្សិត និងភ្ញៀវទេសចរណ៍ជាដើម។

លេខាធិការ DHS លោក Alejandro Mayorkas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសពីការសម្រេចចិត្តនេះថា "ការវាយប្រហារដែលបានគិតទុកជាមុននិងមិនបង្កហេតុរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានបណ្តាលឱ្យមានសង្រ្គាមដែលកំពុងបន្ត អំពើហិង្សាគ្មានន័យ ហើយប្រជាជនអ៊ុយក្រែនត្រូវបានបង្ខំឱ្យស្វែងរកការជ្រកកោននៅក្នុងប្រទេសដទៃទៀត" ។"នៅក្នុងពេលវេលាដ៏វិសេសវិសាលទាំងនេះ យើងនឹងបន្តផ្តល់ការគាំទ្រ និងការការពាររបស់យើងដល់ជនជាតិអ៊ុយក្រែននៅក្នុងសហរដ្ឋអាមេរិក"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ