អាល្លឺម៉ង់ និងអ៊ីស្រាអែលបង្ហាញគោលដៅរួមដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន
អាល្លឺម៉ង៖ រដ្ឋាភិបាលអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអាទិត្យបន្ទាប់ពីកិច្ចប្រជុំរបស់អធិការបតីអាល្លឺម៉ង់ Olaf Scholz ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett នៅទីក្រុងប៊ែរឡាំង ដោយកិច្ចប្រជុំនេះភាគីទាំងពីរបង្ហាញ"គោលដៅរួមមួយត្រូវបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។
បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Hebestreit បានឱ្យដឹងថាការផ្តោតសំខាន់នៃកិច្ចប្រជុំរយៈពេល៩០ នាទី គឺការបង្ហាញលទ្ធផលនៃការចរចារវាង Bennett និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃសៅរ៍នៅទីក្រុងម៉ូស្គូ ។
ដោយកាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានជួបរយៈពេលប្រហែលបីម៉ោង ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អ៊ីស្រាអែលបានព្យាយាមសម្របសម្រួលលើបញ្ហានេះហើយខ្លួននឹងមិនកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី ខណៈដែលប្រទេសនេះសង្ឃឹមថានឹងស្វែងរកដំណោះស្រាយចំពោះជម្លោះនេះបានឆាប់។
ទីភ្នាក់ងារព័ត៌មាន Reuters បានកត់សម្គាល់ថា អ៊ីស្រាអែលបានសម្តែងការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ចំពេលមានការឈ្លានពាន និងកំពុងបញ្ជូនការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដល់ប្រទេសនេះផងដែរ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើ Twitter លោក Hebestreit បាននិយាយថា មេដឹកនាំនៃប្រទេសអាល្លឺម៉ង់ និងអ៊ីស្រាអែលបានយល់ព្រមរក្សាទំនាក់ទំនងជិតស្និទ្ធ ហើយថា "គោលដៅរួមមួយនៅតែត្រូវបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ៕SP