ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់នគរបាលសហពន្ធ័អូស្រ្តាលី ថា កន្លងមកសមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀន និងសារធាតុផ្សុំរាប់រយតោន ខណៈកម្ពុជា បន្តប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្ម ផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលី នាថ្ងៃទី១ មីនា សម្ដេច ស ខេង បានថ្លែងថា «កន្លងមកសមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀន និងសារធាតុផ្សុំរាប់រយតោន និងកំពុងបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្ម»។ 

លើសពីនេះទៀត សម្ដេច ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងនគរបាលប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ជាពិសេសទៅលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សារណៈនានា ដែលកំពុងនៅជាធរមាន និងបានជំរុញឲ្យភាគីទាំងពីរ បន្តអនុវត្តឲ្យមានប្រសិទ្ធភាពបន្តទៀត និងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទាំងឡាយណាដែលយល់ថាចាំបាច់ ដើម្បីបំរើជាប្រយោជន៍ដល់នគរបាល និងប្រជាជនប្រទេសទាំងពីរ។ 

នាឱកាសនោះ លោក Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលី ក៏បានលើកពីការបន្តជួយផ្ទេរចំណេះដឹង និងជំនាញពីនគរបាលអូស្ត្រាលីជូនដល់នគរបាលជាតិកម្ពុជា ជាពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់។ លោក បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តការទ្វេភាគីរវាងនគរបាលនៃប្រទេសទាំងពីរ កម្ពុជា អូស្រ្តាលី។ 

លោក បន្ថែមថា ក្នុងកិច្ចសហប្រតិបត្តការជាង២០ឆ្នាំមកនេះ នគរបាលកម្ពុជា និងអូស្ត្រាលី បានបន្សល់ទុកសមិទ្ធិផលជាច្រើន ព្រមទាំងបានធ្វើឲ្យចំណងមិត្តភាពនេះក្លាយទៅជាមិត្តភាពប្រពៃណី ដោយបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត។ លោក បានប្តេជ្ញាបន្តសហការជាមួយកម្លាំងនគរបាលជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយបទឧក្រិដ្ឋនានា ដែលមានអង្គការចាត់តាំង៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ