យ៉ាងហោចណាស់មនុស្ស ៥៧នាក់ស្លាប់ និង១៦៩ នាក់រងរបួស បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
អ៊ុយក្រែន៖ យ៉ាងហោចណាស់មនុស្សចំនួន៥៧នាក់ហើយបានស្លាប់បាត់បង់ជីវិត និង១៦៩នាក់រងរបួសចាប់តាំងពីរុស្ស៊ីធ្វើប្រតិបត្ដិការយោធាចូលក្នុងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃទី២៤កុម្ភៈ ។ នេះបើតាមការលើកឡើងរបស់ ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelensky ។
ថ្លែងផ្ទាល់នៅលើប៉ុស្តិ៍ទូរទស្សន៍របស់អ៊ុយក្រែន លោកបាននិយាយថា មន្ទីរពេទ្យ និងបុគ្គលិកពេទ្យក៏បានរងការបាញ់ប្រហារកាលពីថ្ងៃព្រហស្បតិ៍ផងដែរ រួមទាំងនៅ Avdiivka និង Vuhledar ក្នុងទីក្រុង Donetsk ជាមួយនឹងការស្លាប់ និងរបួសដែលត្រូវបានរាយការណ៍ក្នុងចំណោមបុគ្គលិកពេទ្យ។
ទន្ទឹមនឹងការស្លាប់នេះផងដែរ ពលរដ្ឋនៅក្នុងរដ្ឋធានីគៀវរបស់អ៊ុយក្រែន បានស្នាក់នៅក្នុងជម្រកក្រោមដីកាលពីយប់ថ្ងៃ២៤កុម្ភៈ ចន្លោះពេលមានការព្រមានពីប្រតិបត្ដិការតាមអាកាសបន្ដទៀត។ បម្រាមគោចរក៏ត្រូវបានដាក់នៅក្នុងទីក្រុងផងដែរ ខណៈមនុស្សរាប់ពាន់នាក់ព្យាយាមចាកចេញទៅកាន់ប្រទេសក្បែរខាងក្នុងន័យការពារសុវត្ថិភាពផ្ទាល់ខ្លួន៕SP