អាមេរិក៖ លោកប្រធានាធិបតី Joe Biden បានបញ្ចេញនូវការព្រមានមួយដល់ ប្រជាពលរដ្ឋអាមេរិកដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ឲ្យចាកចេញពីប្រទេសយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។ លោក ប្រធានាធិបតី ថ្លែងបែបនេះក្នុងកិច្ចសម្ភាសន៍ជាមួយនឹង NBC លោក Biden បានប្រាប់ថា "ពលរដ្ឋអាមេរិកាំងគួរតែចាកចេញក្នុងពេលនេះ”ខណៈដែលការគំរាមឈ្លានពានរបស់រុស្សីកាន់តែកើនឡើង លោកថា“យើងកំពុងដោះស្រាយជាមួយប្រទេសដែលមានកងទ័ពដ៏ធំបំផុតមួយនៅក្នុងពិភពលោក  គ្រប់យ៉ាងមិនល្អ ហើយស្ថានភាពនឹងផ្លាស់ប្តូរភ្លាមមួយរំពេច”។ 

ជាមួយគ្នានេះផងដែរ ថ្មីៗនេះក្រសួងការបរទេសអាមេរិកបានចេញការព្រមានផងដែរ  ដោយនិយាយ ថា «ពួកគេមិនអាចនឹងជំលៀសពលរដ្ឋអាមេរិកបានភ្លាមៗទេ  នៅពេលដែលរុស្សីវាយប្រហារ ក្នុងប្រទេស អ៊ុយក្រែន និងបានព្រមានថា« សេវាកម្មស្ថានកុងស៊ុលជាប្រចាំនឹងមានការប៉ះពាល់ធ្ងន់ធ្ងរ»។

សូមបញ្ជាក់ថា ក្រៅពីព្រមាន ពលរដ្ឋអាមេរិកឱ្យចាកចេញពីប្រទេសអ៊ុយក្រែនហើយនោះ លោក Biden បានបន្តថា ``លោកនឹងមិនបញ្ជូនកងទ័ពអាមេរិកចូលទៅក្នុងអ៊ុយក្រែនដើម្បីរំដោះ ពលរដ្ឋអាមេរិក នោះទេ នៅពេលដែលសង្គ្រាមផ្ទុះឡើង ខណៈលោកបានសង្កត់ធ្ងន់ថា "វានឹងក្លាយទៅជាសង្រ្គាមដ៏ធំមួយ នៅពេលដែលទាហ៊ានរុស្សីនិងអាមេរិកចាប់ផ្តើមបាញ់គ្នាទៅវិញទៅមក"។

គួររំលឹកថា ពាក់ព័ន្ធស្ថានការដ៏តានតឹងនេះ រុស្ស៊ីនៅតែបន្តបដិសេធម្តងហើយម្តងទៀតនូវផែនការណាមួយក្នុងការឈ្លានពានអ៊ុយក្រែន បើទោះបីជាខ្លួនកំពុងមានទាហានច្រើនជាង ១០ ម៉ឺននាក់នៅព្រំដែនជាមួយអ៊ុយក្រែនក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ