រដ្ឋាភិបាលប៉ូឡូញបើកមជ្ឈមណ្ឌលទទួលជនភៀសខ្លួនចំនួន៩កន្លែងនៅតាមបណ្តោយព្រំដែន ដើម្បីទទួលប្រជាជនអ៊ុយក្រែនគេចពីសង្គ្រាម
ប៉ូឡូញ៖ រដ្ឋាភិបាលប៉ូឡូញ នឹងបើកមជ្ឈមណ្ឌលទទួលជនភៀសខ្លួនចំនួន៩កន្លែងនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែនដើម្បីទទួលប្រជាជនអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNN នៅថ្ងៃទី ២៥ខែកុម្ភៈ ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ Mariusz Kaminski ប្រាប់អ្នកកាសែតថា នេះជាការប្រាកដណាស់នឹងមានរលកជនភៀសខ្លួនមក ដល់ប៉ូឡូញ ហើយប៉ូឡូញនឹងទទួលយកជនភៀសខ្លួនទាំងប៉ុន្មានដែលបានទៅដល់ព្រំប្រទល់ប៉ូឡូញ។ លោកក៏បានបញ្ជាក់ថា មជ្ឈមណ្ឌលទទួលជនភៀសខ្លួនទាំង៩កន្លែងនឹងផ្តល់អាហារ និងការថែទាំសុខភាព ក៏ដូចជាកន្លែងសម្រាក និងទទួលព័ត៌មានចាំបាច់ផងដែរ។
ប្រជាជនជាង១០ម៉ឺននាក់បានចាកចេញពីលំនៅឋានរបស់ពួកគេ ហើយប្រជាជនរាប់សិបពាន់នាក់បានភៀសខ្លួនទៅប្រទេសជិតខាងរួមមានម៉ុលដាវី និងរូម៉ានីជាដើម។ នេះបើយោងតាមរបាយការណ៍ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UN) ចេញផ្សាយនៅ។
ជុំវិញរឿងនេះ ប្រមុខឆ្មាំព្រំដែនប៉ូឡូញ Tomasz Praga លើកឡើងថា មនុស្សជាច្រើនកំពុងឆ្លងកាត់ព្រំដែនប៉ូឡូញ-អ៊ុយក្រែនក្នុងទិសដៅទាំងទៅនិងមក លោក Praga បញ្ជាក់ថា អំឡុងពេល២៤ម៉ោងកន្លងមកមនុស្សជិត៣ម៉ឺននាក់បានឆ្លងកាត់ព្រំដែនក្នុងទិសដៅទាំងពីរ ហើយក្នុងនោះមនុស្សជាង១៥,០០០នាក់បានចូលមកប៉ូឡូញ៕SP