អន្តរជាតិ៖ ប្រទេសអ៊ឺរ៉ុបចំនួន៣ បានសន្យាថា អ៊ុយក្រែននឹងទទួលបានរថក្រោះយ៉ាងហោចណាស់ ១០០គ្រឿងក្នុងពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក បូរីស ភីស្តូរៀស បានធ្វើដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីកៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ កុម្ភៈ ២០២៣។
ក្រសួងការពារជាតិអាល្លឺម៉ង់ ហូឡង់ និងដាណឺម៉ាក បានបញ្ជាក់ថា ការគាំទ្រ និងបណ្តុះបណ្តាលសម្រាប់ការប្រើប្រាស់រថក្រោះខ្លារខិន Leopard 1 នឹងត្រូវធ្វើឡើង នៅមុនការផ្តល់រថក្រោះទំនើបៗបន្ថែមទៀតនាពេលអនាគត។
ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិថ្មីរបស់អាល្លឺម៉ង់ខាងលើនេះ បានកើតឡើងពីរសប្តាហ៍បន្ទាប់ពីទីក្រុងប៊ែរឡាំងបានយល់ព្រមផ្តល់រថក្រោះ ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីមានសម្ពាធយ៉ាងខ្លាំងពីទីក្រុងកៀវ និងសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនរបស់អាល្លឺម៉ង់។ ទីក្រុងប៊ែរឡាំងក៏បានសន្យាដែរថា នឹងផ្តល់រថក្រោះរថក្រោះ Leopard 2 ថ្មីចំនួន ១៤គ្រឿងដល់អ៊ុយក្រែនផងដែរ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក ភីស្តូរៀស ថា ការសម្រេចចិត្តចុងក្រោយបំផុត ទាក់ទងនឹងការផ្គត់ផ្គង់រថក្រោះខ្លារខិន គឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់យើង។ «យើងមិនចង់ផ្តល់ឱកាសដល់រុស្ស៊ីសម្រាប់ការវាយលុកថ្មីនោះទេ»។
យ៉ាងណាមិញ ទីក្រុងកៀវនិយាយថា ខ្លួនរំពឹងថា នឹងទទួលបានរថក្រោះទំនើបៗចន្លោះពី ១២០ ទៅ ១៤០គ្រឿងរបស់លោកខាងលិច ខណៈដែលអ៊ុយក្រែនត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មីរបស់រុស្សី ដែលនឹងអាចកើតឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕RT