តូក្យូ៖ ក្នុងកិច្ចប្រជុំសភា នាយករដ្ឋមន្ដ្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានលើកឡើងនូវផែនការកាត់បន្ថយពន្ធដែលជាផ្នែកមួយក្នុងគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លោក ដោយសង្ឃឹមថាគោលនយោបាយថ្មីនេះនឹងបង្កើនប្រជាប្រិយភាពរបស់លោកឡើងវិញ ហើយការលើកស្ទួយសេដ្ឋកិច្ច នឹងក្លាយជាគោលនយោបាយអាទិភាពចម្បងសម្រាប់រូបលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៥ តុលា ២០២៣។

ប្រជាប្រិយភាពរបស់លោក គីស៊ីដា ធ្លាក់ចុះដល់កម្រិតទាបមួយដែលមិនធ្លាប់មាន ចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្ដ្រីក្នុងរយៈពេល ២ឆ្នាំមកនេះ។ លោក នឹងត្រូវបញ្ចប់អាណតិ្តរបស់លោកនៅឆ្នាំ២០២៥ ប៉ុន្ដែគេរំពឹងថា លោកអាចនឹងរៀបចំការបោះឆ្នោតមុនពេល ដោយសារភាពចម្រូងចម្រាស់ក្នុងការបោះឆ្នោតថ្នាក់ដឹកនាំផ្ទៃក្នុងរបស់បក្សនៅឆ្នាំក្រោយ។

រដ្ឋាភិបាលលោក គីស៊ីដា បាននឹងកំពុងធ្វើការរៀបចំនូវគោលនយោបាយសេដ្ឋកិច្ចថ្មី ដែលរួមបញ្ចូលការកាត់បន្ថយការបង់ពន្ធ ការជំរុញនូវការវិនិយោគក្នុងវិស័យឯកជន និងកំណើនប្រាក់ឈ្នួល។

លោកបានបន្ថែមថា ក្នុងរយៈពេល ២ទៅ៣ឆ្នាំខាងមុខ ជប៉ុននឹងពង្រឹងវិធានការការគាំទ្រនានា ដែលនឹងរួមចំណែកដល់ការពង្រឹងសមត្ថភាពក្នុងការផ្គត់ផ្គង់ រួមមានការវិនិយោគធំៗទៅលើសន្ដិសុខជាតិ។ មិនតែប៉ុណ្ណោះ លោកក៏មានបំណងរក្សាទំនាក់ទំនងល្អជាមួយប្រទេសចិន តាមរយៈមធ្យោបាយការទូតផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ