ហាណូយ៖ ការកើនឡើងនៃករណីឆ្លងកូវីដ១៩ក្នុងប្រទេសវៀតណាម បានបង្ខំឱ្យរោងចក្រមួយចំនួនបិទទ្វារ។ កត្តានេះបានបណ្ដាលឱ្យមានភាពរអាក់រអួលខ្សែសង្វាក់ផលិតកម្មនៃផលិតផលសម្លៀកបំពាក់និងស្បែកជើងមួយចំនួនក្នុងពិភពលោក។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារ Financial Times
ករណីឆ្លងថ្មីប្រចាំថ្ងៃរបស់វៀតណាម មានពី ៧-៨ពាន់ករណី ដោយទីក្រុង ហូជីមិញដែលជាទីក្រុងធំបំផុតរបស់វៀតណាមបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ក្រុមហ៊ុនផ្គត់ផ្គង់ស្បែកជើងធំៗពីរគឺ Pou Chen របស់តៃវ៉ាន់ដែលផលិតស្បែកជើងឱ្យ Adidas , Nike និងក្រុមហ៊ុន Changshin របស់កូរ៉េខាងត្បូងដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអាមេរិកបានផ្អាកប្រតិបត្តិការ និងផលិតកម្មកាលពីខែកក្កដា។
យោងតាមសមាគមវាយនភ័ណ្ឌនិងសំលៀកបំពាក់វៀតណាមជាង ៣០% នៃរោងចក្រកាត់ដេរត្រូវបានបិទទ្វារ។ ដោយឡែក ប្រជាជនប្រហែល ១%នៃប្រជាជនសរុបប្រមាណ ៩៨លាននាក់ប៉ុណ្ណោះបានទទួលវ៉ាក់សាំងពេញលេញ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២១៩,៧៤៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៥,៩២០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣,៧៥៧នាក់៕RT