វ៉ាស៊ីនតោន៖ សេតវិមានបានលើកឡើងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក រីស៊ី ស៊ូណាក់ បានព្រមព្រៀងគ្នាបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ក៏ដូចជាទប់ទល់ជាមួយប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៦ តុលា ២០២២។

សេតវិមានបន្តថា លោក បៃដិន និងលោក ស៊ូណាក់ បានអះអាងឡើងវិញពីទំនាក់ទំនងពិសេសរវាងសហរដ្ឋអាមេរិក-អង់គ្លេស ហើយថា មេដឹកនាំទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីកែលម្អសន្តិសុខសកល និងវិបុលភាព។

បន្ថែមលើនេះ មេដឹកនាំទាំងពីរបានយល់ស្របលើសារៈសំខាន់ នៃការធ្វើការរួមគ្នា ដើម្បីបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក៏ដូចជាធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

បើតាមសេតវិមាន លោក បៃដិន និងលោក ស៊ូណាក់ ក៏បានឯកភាពដែរថា នឹងដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលបង្កឡើងដោយប្រទេសចិន ដែលសហរដ្ឋអាមេរិកចាត់ទុកថា ជាគូប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយធំបំផុតរបស់ខ្លួននៅលើពិភពលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ