រុស្ស៊ី និងអ៊ុយក្រែនព្រមព្រៀងលើបទឈប់បាញ់ ខណៈដែលទីក្រុងម៉ូស្គូកំពុងត្រៀមខ្លួនចូលរួមកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ ២០២២
គៀវ៖ រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងលើបទឈប់បាញ់មួយ ដោយស្តារលក្ខខណ្ឌដែលបានដាក់នៅឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះត្រូវបានសម្របសម្រួលដោយអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា ខ្លួននៅតែធ្វើសមយុទ្ធយោធាក្នុងតំបន់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី ២៤ ធ្នូ ២០២១៕
ទន្ទឹមនោះ អ្នកនយោបាយជាន់ខ្ពស់អ៊ុយក្រែនក៏បានសរសើរកិច្ចព្រមព្រៀងនេះផងងដែរ ហើយបានពណ៌នាថា វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើងនៅភាគខាងកើតអ៊ុយក្រែន ។ លោក Andriy Kostin អ្នកការទូតអ៊ុយក្រែនដែលចូលរួមក្នុងកិច្ចពិភាក្សាបាននិយាយថា “មានអារម្មណ៍នៃលទ្ធភាពពិតប្រាកដមួយជាលើកដំបូងក្នុងរយៈពេលដ៏យូរ ដើម្បីធានាឱ្យមានបទឈប់បាញ់នៅលើខ្សែបន្ទាត់ទំនាក់ទំនង”។
ជាមួយគ្នានេះ លោក Mikko Kinnunen ដែលជាប្រធាន OSCE បានចេញសេចក្តីថ្លែងការណ៍មួយដែរថា “ខ្ញុំរីករាយដែលអ្នកចូលរួមបានសម្តែងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវវិធានការ ដើម្បីពង្រឹងកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០”។
សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងឈប់បាញ់ជាច្រើនត្រូវបានប្រកាស ប៉ុន្តែនៅទីបំផុតបានដួលរលំ។ កិច្ចព្រមព្រៀងក្នុងខែកក្កដា ឆ្នាំ ២០២០ បាននាំមកនូវការពន្យាពេលខ្លះ ប៉ុន្តែការប៉ះទង្គិចគ្នានៅតែបន្ត ខណៈដែលចំនួនអ្នកស្លាប់សរុបនៅក្នុងជម្លោះបានកើនឡើងដល់ ១ម៉ឺន៣ពាន់នាក់ហើយ៕