កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកចំនួន ២គ្រាប់ចូលទៅក្នុងសមុទ្រ នៅជិតឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ ដែលជាការបាញ់មីស៊ីលជាបន្តបន្ទាប់ចុងក្រោយ ក្នុងពេលមានសមយុទ្ធយោធាធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី ២៧ មីនា ២០២៣។

ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុនបាននិយាយថា មីស៊ីល ២គ្រាប់ត្រូវបានគេជឿថា ជាមីស៊ីលដែលបាញ់ដោយកូរ៉េខាងជើងបានធ្លាក់ចូលទៅក្នុងទឹក ដែលទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ 

មីស៊ីលកូរ៉េខាងជើងបានហោះដល់រយៈកម្ពស់ ៥០គីឡូម៉ែត្រ និងហោះក្នុងចម្ងាយ ៣៥០គីឡូម៉ែត្រ។ យោធាកូរ៉េខាងត្បូងនិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីខេត្តវ៉ាងហេខាងជើងនៅម៉ោង ៧:៤៧នាទីព្រឹកម៉ោងក្នុងតំបន់កាលពីថ្ងៃអាទិត្យ។ ការិយាល័យនាយករដ្ឋមន្ត្រីនិយាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានបញ្ជាឱ្យមន្ត្រីជួបប្រជុំគ្នា និងវិភាគព័ត៌មានជុំវិញការបាញ់មីស៊ីល និងដើម្បីធានាបានសុវត្ថិភាពយន្តហោះ និងការធ្វើនាវាចរណ៍។

យ៉ាងណាមិញ ការបាញ់នេះគឺជាការសាកល្បងអាវុធចុងក្រោយដោយកូរ៉េខាងជើង រួមមានទាំងការបាញ់មីស៊ីលស៊ីបគោលដៅជាច្រើនគ្រាប់កាលពីថ្ងៃពុធ ដែលទីក្រុងព្យុងយ៉ាងនិយាយថា មានគោលបំណងធ្វើលំហាត់សមការវាយប្រហារនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ