សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា បានបាញ់សាកល្បងមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ចូលសមុទ្រ នៅឆ្នេរភាគខាងលិចនៃឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ កញ្ញា ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង (JCS) បានគូសបញ្ជាក់ដូច្នេះថា មីស៊ីលគ្រូសដែលមិនទាន់ត្រូវបានកំណត់ចំនួនជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញនៅម៉ោងប្រហែល ៤ព្រឹកព្រលឹមថ្ងៃទី២ ខែកញ្ញានេះ ឆ្ពោះទៅកាន់សមុទ្រ។ JCS បានបន្ថែមថា យើងបានបង្កើនការតាមដាន និងឃ្លាំមើល ព្រមទាំងប្រុងជើងការជានិច្ច ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
សូមជម្រាបថា ការបាញ់សាកល្បងមីស៊ីលគ្រូសនេះ កើតមានឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ ក្នុងការធ្វើសមយុទ្ធយោធាហាត់សមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង Ulchi Freedom Shield ដែលកូរ៉េខាងជើងចោទថា ជាការត្រៀមលក្ខណៈធ្វើសង្រ្គាមប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន៕