តៃប៉ិ៖ ដោយសារតែមានការគំរាមកំហែងកើនឡើង កាន់តែខ្លាំងពីប្រទេសចិន ចាប់តាំងពីប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានមកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ កាលពីថ្ងៃទី២ ខែសីហា នោះមក តៃវ៉ាន់ កំពុងតែបង្កើននូវកញ្ចប់ថវិកា លើវិស័យការពារជាតិ កាន់តែកើនឡើងជាងមុន ដើម្បីត្រៀមខ្លួន ធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់ក្រុងប៉េកាំង ជាយថាហេតុ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Alarabiya នៅថ្ងៃទី២៥ សីហា ២០២២

តៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញអំពីកញ្ចប់ថវិកា លើវិស័យការពារជាតិរបស់ខ្លួន សម្រាប់ឆ្នាំសារពន្ធ ២០២៣ ដោយកើនឡើង១២,៩ភាគរយ ស្មើនឹង៤១៥,១ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹង១៣,៧២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ រដ្ឋាភិបាលក្រុងតៃប៉ិ បានបង្កើននូវការចំណាយ លើវិស័យការពារជាតិ នាពេលនេះ ចំពេលមានភាពតានតឹងជាមួយនឹងចិន ដែលកំពុងតែបង្កើននូវសកម្មភាពយោធាយ៉ាងខ្លាំង នៅជិតដែនកោះ គ្រប់គ្រង តាមបែបលទ្ធិប្រជាធិបតេយ្យ។

បន្ថែមពីលើសសំណើទាំងនេះ គណៈរដ្ឋមន្រ្ដីរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ក៏កំពុងតែស្នើសុំថវិកាបន្ថែម រហូតដល់ ១០៨,៣ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងជាង ៣,៥៨ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចំណាយលើការទិញយន្ដហោះចម្បាំង ជាច្រើនគ្រឿង និង សម្ភារសឹកផ្សេងៗទៀត។ ប៉ុន្ដែសំណើលើវិស័យការពារជាតិរបស់តៃវ៉ាន់ នាពេលនេះ ក៏ស្ថិតក្នុងកំណត់ត្រាមួយដ៏ខ្ពស់បំផុត ហើយត្រូវការអនុម័តពីរដ្ឋសភា។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ចិន មិនបានច្រានចោល ពីការប្រើប្រាស់កម្លាំងយោធា ដណ្ដើមកាន់កាប់ដែនកោះនេះ ដើម្បីយកមកដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ។ ដោយឡែក តៃវ៉ាន់ ក៏តែងតែទាត់ចោលនូវការទាមទារអធិបតេយ្យភាពរបស់ក្រុងប៉េកាំង ដោយលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិន មិនអាចចូលមកគ្រប់គ្រងកោះនេះទេ ហើយមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ អាចសម្រេចអនាគតរបស់ពួកគេបាន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ