លោកខាងលិចកំពុងបង្កើនផលិតកម្មសព្វាវុធ ខណៈដែលឃ្លាំងអាវុធនៅអ៊ុយក្រែនត្រូវរុស្ស៊ីវាយកម្ទេចយ៉ាងច្រើន
វ៉ាស៊ីនតោន៖ លោកខាងលិចកំពុងកៀងគរក្រុមហ៊ុនផលិតសព្វាវុធរបស់ពួកគេ ដើម្បីបង្កើនផលិតកម្ម និងបំពេញបន្ថែមឃ្លាំងស្តុក ដែលថយចុះយ៉ាងខ្លាំង ដោយសារការផ្គត់ផ្គង់សមរភូមិរយៈពេលជាង ៦ខែរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១២ កញ្ញា ២០២២។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន បានប្រកាសក្នុងសប្តាហ៍នេះថា កិច្ចប្រជុំនៃមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសព្វាវុធជាតិមកពីបណ្តាប្រទេសសម្ព័ន្ធមិត្ត នឹងធ្វើឡើងដើម្បីបង្កើតផែនការរយៈពេលវែងសម្រាប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន និងកសាងឃ្លាំងអាវុធផ្ទាល់ខ្លួនរបស់ពួកគេឡើងវិញផងដែរ។
លោក អូស្ទីន បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ក្នុងប្រទេសអាល្លឺម៉ង់ថា ពួកគេនឹងពិភាក្សាពីរបៀបដែលមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់យើង អាចបំពាក់សព្វាវុធឱ្យដល់កងកម្លាំងអ៊ុយក្រែនបានល្អបំផុតនាពេលអនាគត ជាមួយនឹងសមត្ថភាពដែលពួកគេត្រូវការ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានផ្នែកទទួលបន្ទុកគ្រឿងសព្វាអាវុធរបស់មន្ទីរបញ្ចកោណ លោក Bill LaPlante បាននិយាយថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ។
លើសពីនេះទៅទៀត លោក LaPlante បានប្រាប់អ្នកយកព័ត៌មាននៅឯមន្ទីរបញ្ចកោណថា គោលដៅនៃកិច្ចប្រជុំនេះ គឺដើម្បីកំណត់របៀបដែលយើងអាចបន្តធ្វើការជាមួយគ្នា សម្រាប់បង្កើនសមត្ថភាពការផលិតសំខាន់ៗ និងដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាបង្កើនអន្តរប្រតិបត្តិការ និងលទ្ធភាពផ្លាស់ប្តូរគ្នានៃប្រព័ន្ធរបស់យើង៕