កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានអំពាវនាវឲ្យប្រទេសនេះផលិតមីស៊ីលអន្តរទ្វីបបាលីស្ទីកថ្មី និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ស្របពេលកើនឡើងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃទី ០២ មករា ២០២៣។

ទីក្រុងព្យុងយ៉ាងត្រូវការអំណាចយោធាដ៏ខ្លាំងក្លាដើម្បីការពារខ្លួន ខណៈទីក្រុងវ៉ាស៊ីនតោន និងសត្រូវរបស់យើងគឺទីក្រុងសេអ៊ូលព្យាយាមរារាំង និងធ្វើឲ្យកូរ៉េខាងជើងឯកា ដោយការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅក្នុងទឹកដីកូរ៉េខាងត្បូង។ អំឡុងជំនួបបក្សកាន់អំណាចពលករកូរ៉េ មេដឹកនាំប្រទេសនេះបានទទូចថា មីស៊ីលអន្តរទ្វីបបាលីស្ទីកថ្មីដែលមានសមត្ថភាពប្រឆាំង ការវាយប្រហារដោយនុយក្លេអ៊ែរដ៏រហ័សត្រូវតែផលិតដោយកូរ៉េខាងជើង។

លោក Kim បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រផលិតទ្រង់ទ្រាយធំដោយនិយាយថា ការកើនឡើងនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ នឹងក្លាយជាទិសដៅសំខាន់នៃយុទ្ធសាស្ត្រការពារជាតិរបស់កូរ៉េខាងជើងក្នុងឆ្នាំ២០២៣។ 

លោកបានបន្ថែមថា ទីក្រុងព្យុងយ៉ាងក៏គ្រោងបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួនផងដែរ ក្នុងពេលដ៏ខ្លីបំផុតដែលអាចធ្វើទៅបាន ហើយនេះគឺនៅក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍។ 

យ៉ាងណាមិញ យោងតាមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុនដែលបានថ្កោលទោសការបង្ហាញកម្លាំងថា ជាការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ កាលពីថ្ងៃសៅរ៍កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីចំនួន ៣គ្រាប់ចូលសមុទ្រជប៉ុន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ