តូក្យូ៖ ផ្នែកខ្លះនៃប្រទេសជប៉ុនបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃសុក្រនេះ ស្របពេលដែលព្យុះទីហ្វុង ម៉ាវ៉ា រំកិលខ្លួនមកដល់ ដោយវានឹងពាំនាំមកនូវខ្យល់ និងភ្លៀងធ្លាក់ខ្លាំងពាសពេញប្រទេសជប៉ុន ហើយជំរុញឲ្យអាជ្ញាធរចេញការណែនាំដល់មនុស្សរាប់ម៉ឺននាក់ឲ្យភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០២ មិថុនា ឆ្នាំ២០២៣។

ខណៈដែលព្យុះទីហ្វុង ម៉ាវ៉ា កំពុងរំកិលខ្លួនឆ្លងកាត់ប្រទេសជប៉ុននោះ ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមាន អំពីគ្រោះទឹកជំនន់នៅកោះអូគីណាវ៉ា និងផ្នែកខ្លះនៃកោះស៊ីកូគុ និងហុនស៊ូ ដែលអាចនឹងមានភ្លៀងធ្លាក់កម្រិត ៣៥០មីលីម៉ែត្រនៅតំបន់ភាគខាងលិចនៃទីក្រុងហុនស៊ូ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ 

ទន្ទឹមគ្នា មនុស្សប្រហែល២៧,០០០នាក់ត្រូវបានណែនាំឱ្យជម្លៀសខ្លួនចេញពីទីក្រុង តូយ៉ូហាស៊ី ជាក្រុងមួយស្ថិតនៅភាគកណ្តាលកោះហុនស៊ូ ដោយព្រមានពីគ្រោះរអិលបាក់ដី។ ចំណែកជើងហោះមួយចំនួនទៅកាន់កោះអូគីណាវ៉ាក៏ត្រូវបានលុបចោលផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ