យ៉ាងហោចណាស់ មនុស្ស១៥នាក់បានស្លាប់ និង៥០នាក់ទៀតកំពុងបាត់ខ្លួន ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី
ឥណ្ឌូណេស៊ី ៖ ឥណ្ឌូណេស៊ីបានប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង និងមានបាក់ដីជាច្រើនកន្លែង ជាពិសេស នៅតំបន់កោះជុំវិញជិតសមុទ្រចិនខាងត្បូង ដែលបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតយ៉ាងតិច១៥នាក់ និង៥០នាក់ទៀតបាត់ខ្លួន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The standard នៅថ្ងៃទី០៧ មីនា ២០២៣។
នៅពេលឥណ្ឌូណេស៊ីជួបនឹងស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ សេវាសម្រាប់ទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយផ្លូវជាច្រើនខ្សែខូចខាតយ៉ាងដំណំ ។ លើសពីនេះ ក៏មានដីបាក់ធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះពិបាកក្នុងការជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះ ហើយវាកាន់តែស្មុគស្មាញផងដែរ ។
ភ្នាក់ងារជាតិផ្នែកកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី៦ ខែមីនា កន្លងមកថា អាជ្ញាធរមូលដ្ឋានបានបញ្ជូនភ្នាក់ងារសង្គ្រោះចំនួន៦០នាក់មកជួយសង្គ្រោះជនរងគ្រោះនៅបរិវេណកោះខាងលើ ។ លើសពីនេះ គេបានប្រើប្រាស់ helicopter ដើម្បីបន្ថែមប្រសិទ្ធភាពក្នុងការជួយសង្គ្រោះ ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយងាយនឹងជួបគ្រោះធម្មជាតិធ្ងន់ធ្ងរជាញឹកញាប់ ជាពិសេស បញ្ហាបាក់ដីក្នុងរដូវភ្លៀង ។ ដូច្នេះ គ្រោះមហន្តរាយទាំងនេះបានបង្ហាញពីផលប៉ះពាល់ដោយសារការកាប់បំផ្លាញព្រៃឈើ ទាក់ទងនឹងសភាពរឹងមាំរបស់ដី និងដីមានជាតិទឹកជាប្រចាំ ។
ក្រៅពីនេះ អ្នកជំនាញផ្នែកបរិស្ថានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិរបស់ឥណ្ឌូណេស៊ីកើតឡើងកាន់តែខ្លាំងក្លានេះ គឺដោយសារបម្រែបម្រួលអាកាសធាតុនៅលើពិភពលោកនាពេលបច្ចុប្បន្ន ៕