ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅភាគខាងត្បូងប្រទេសឥណ្ឌា មុនពេលព្យុះស៊ីក្លូនដ៏កំណាចមកដល់
ញូវដែលី៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ជន់លិចទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា មុនពេលព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយមកដល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ធ្នូ ២០២៣។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ព្យាករណ៍ថា ព្យុះស៊ីក្លូន Michaung នឹងវាយប្រហារតំបន់ឆ្នេរសមុទ្រនៃរដ្ឋអាន់ដ្រា ប្រាដេស នៅព្រឹកថ្ងៃអង្គារនេះ ក្នុងល្បឿន ៩០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងកម្លាំងខ្យល់បោកបក់រហូតដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ជន់លិចទីក្រុងតាមិល ណាឌូ ខណៈដែលអាកាសយានដ្ឋានក្នុងរដ្ឋឈិនណេ ត្រូវបានគេរំពឹងថា នឹងបិទរហូតដល់ល្ងាចថ្ងៃចន្ទសប្តាហ៍នេះ។
ទន្ទឹមគ្នា នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ក៏បានចេញការព្រមានដល់អ្នកនេសាទទាំងអស់នៅក្នុងតំបន់ ឲ្យផ្អាកប្រតិបត្តិការនេសាទជាបណ្តោះអាសន្ន និងព្រមានពីការខូចខាតដ៏ធំនៅតាមតំបន់ឆ្នេរ។
យោងតាមការចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញថា ដើមឈើតូច-ធំជាច្រើនបាក់ដួលរលំ និងរថយន្តត្រូវទឹកជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង។ ចំណែកប៉ូលិសបានបង្ហោះវីដេអូអ្នកជួយសង្គ្រោះព្យាយាមជម្លៀសមនុស្សចេញពីតំបន់លិចទឹក។
អ្នកវិទ្យាសាស្ត្រក៏បានព្រមានដែរថា ព្យុះកំពុងមានកម្លាំងកាន់តែខ្លាំងឡើងៗ នៅពេលដែលពិភពលោកកាន់តែក្តៅខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ។ ព្យុះស៊ីក្លូន ដែលស្មើនឹងខ្យល់ព្យុះនៅអាត្លង់ទិកខាងជើង ឬព្យុះទីហ្វុងនៅប៉ាស៊ីហ្វិកភាគពាយ័ព្យ គឺជាការគំរាមកំហែងជាប្រចាំ និងសម្លាប់មនុស្សជាញឹកញាប់នៅឆ្នេរសមុទ្រភាគខាងជើងមហាសមុទ្រឥណ្ឌា ដែលមានមនុស្សរាប់សិបលាននាក់រស់នៅ៕