ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្ញើលិខិតមួយទៅកាន់ស្ថានីយ៍វារីអគ្គិសនី ប៉ៃហើថាន (Baihetan) នៅភាគនិរតីប្រទេសចិន ដើម្បីអបអរសាទរចំពោះការចាប់ផ្តើមប្រតិបត្តិការនៃអង្គភាពផលិតពីរដំបូងរបស់ខ្លួន ។ នេះបើយោងតាមប្រភព CGTN

ស្ថានីយទំនប់វារីអគ្គីសនី ប៉ៃហើថាន អ៊ីដ្រូផៅវើ ស្ថេរសិន (Baihetan Hydropower Station) មានកម្ពស់២៨៩ម៉ែត្រស្ថិតនៅភាគខាងត្បូងឆៀងខាងលិចប្រទេសចិននេះ ជាទំនប់វារីអគ្គីសនីធំជាងគេលំដាប់ទី២លើពិភពលោក បន្ទាប់ពីទំនប់វារីអគ្គីសនី ស៊ីរ ចច ឌេម (Three Gorges Dam) របស់ចិនផងដែរនោះ ។ ប៉ៃហើថាន ត្រូវបានសាងសង់ឡើងជាមួយនឹងសមត្ថភាពផលិតថាមពលអគ្គីសនី សរុប១ម៉ឺន៦ពាន់មេហ្គាវ៉ាត់ ដែលមានន័យថា វានឹងអាចផលិតថាមពលអគ្គិសនី បានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗម្តង ដើម្បីបំពេញតម្រូវការថាមពលដល់មនុស្ស៥០ម៉ឺននាក់សម្រាប់រយៈពេលមួយឆ្នាំពេញ ។

ទំនប់វារីអគ្គីសនីនេះទៀតសោត លាតសន្ធឹងលើជ្រលងភ្នំតូចចង្អៀតមួយនៅផ្នែកខាងលើនៃទន្លេ យ៉ាងសេ (Yangtze) ជាទន្លេវែងជាងគេបំផុតរបស់ចិន នៅតាមព្រំដែនដែលងាយនឹងការរញ្ជួយដីរវាងខេត្ត Yunnan និងខេត្ត Sichuan ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ