ប៉ូឡូញនឹងបញ្ជូនរថក្រោះ Leopard 2 ទៅឱ្យអ៊ុយក្រែន ទោះបីជាមាន ឬគ្មានការអនុញ្ញាតពីអាល្លឺម៉ង់
អន្តរជាតិ៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាថេអ៊ូស ម៉ូរ៉ាវៀស្គី បានថ្លែងថា ប្រទេសរបស់លោកនឹងស្នើសុំការអនុញ្ញាតពីអាល្លឺម៉ង់ ក្នុងការបញ្ជូនរថក្រោះខ្លារខិន លីអូផាត ធូ (Leopard 2) ទៅឱ្យអ៊ុយក្រែន ប៉ុន្តែបើទោះបីជាមាន ឬគ្មានការអនុញ្ញាតក៏ដោយ ក៏ប៉ូឡូញនឹងផ្តល់ជំនួយយោធានេះទៅឱ្យទីក្រុងកៀវ ជាផ្នែកមួយនៃក្របខណ្ឌសម្ព័ន្ធមិត្តដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃ២៤ មករា ២០២៣។
លោក ម៉ូរ៉ាវៀស្គី បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា យើងនឹងស្នើសុំការអនុញ្ញាតបែបនេះ ប៉ុន្តែវិធានការនេះគឺជាបញ្ហាសំខាន់បន្ទាប់បន្សំប៉ុណ្ណោះ។ លោកថា ទោះបីជាយើងមិនទទួលបានការយល់ព្រមបែបនេះក៏ដោយ... យើងនៅតែផ្ទេររថក្រោះរបស់យើងរួមគ្នាជាមួយអ្នកផ្សេងទៀតទៅឱ្យអ៊ុយក្រែន។ លក្ខខណ្ឌសម្រាប់យើងនៅពេលនេះ គឺត្រូវបង្កើតក្រុមចម្រុះមួយ។
ចំណែករដ្ឋមន្ត្រីការបរទេសអាល្លឺង់ លោកស្រី អាណាឡេណា ប៊ែរបក់ស៍ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនរារាំងនោះទេ ប្រសិនបើប៉ូឡូញចង់បញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនទៅកាន់អ៊ុយក្រែន៕