រុស្ស៊ី បង្ហាញយន្តហោះចម្បាំងបំបាំងកាយដើម្បីប្រកួតប្រជែងជាមួយយន្តហោះ F-35 របស់សហរដ្ឋអាមេរិក
(ម៉ូស្គូ)៖ រុស្ស៊ីបានបង្ហាញយន្តហោះចម្បាំងបំបាំងកាយ Sukhoi ថ្មីរបស់ខ្លួនដែលត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយ F-35 របស់អាមេរិកនិងមានសមត្ថភាពវាយប្រហារគោលដៅចំនួន ៦ ក្នុងពេលតែមួយមិនថាគោលដៅនោះនៅលើដីគោក លើផ្ទៃសមុទ្រ ឬនៅលើផ្ទៃអាកាសនោះទេ។ នេះបើយោងតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២១ កក្កដា ២០២១៕
យន្តហោះចម្បាំងថ្មីខាងលើដែលមានរហ័ស្សនាម Checkmate និងជាប្រភេទយន្ដហោះចម្បាំងក្នុងត្រកូល Sukhoi ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Rostec និងក្រុមហ៊ុន United Aircraft Corporation (UAC) របស់រុស្ស៉ី។
បើតាមក្រុមហ៊ុន Rostec យន្តហោះចម្បាំងជំនាន់ទី៥នេះ មានកៅអី១ ដែលបំពាក់នូវ បច្ចេកវិទ្យាទំនើបៗទាន់សម័យបំផុត ដូចជាបច្ចេកវិទ្យាបញ្ញាឆ្លាតវៃ (AI) និងបច្ចេកវិទ្យាបំបាំងកាយពីប្រព័ន្ធរ៉ាដា។
លោក Yury Slyusar អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ United Airlines Corporation បានមានប្រសាសន៍ថា“ ភារកិច្ចរបស់យើងគឺផ្តល់ជូនយន្តហោះនេះដល់អតិថិជនចាប់ពីឆ្នាំ ២០២៦” ។ ជាមួយនឹងតម្លៃចន្លោះពី ២៥ លានដុល្លារទៅ ៣០ លានដុល្លារអាមេរិក។
លើសពីនេះទៅទៀត លោក Slyusar បាននិយាយថាលោករំពឹងថាការបញ្ជាទិញជិត ៣០០ គ្រឿងក្នុងរយៈពេល ១៥ ឆ្នាំខាងមុខនេះភាគច្រើនមកពីមជ្ឈិមបូព៌ាអាស៊ីនិងអាមេរិកឡាទីន សម្រាប់តម្លៃទាបជាង F-35 របស់សហរដ្ឋអាមេរិក ៧ដង។RT