អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពចាប់ផ្ដើមផែនការហេដ្ឋារចនាសម្ព័ន្ធសកលមួយដែលនឹងតភ្ជាប់អឺរ៉ុបទៅនឹងពិភពលោក ដែលនេះជាជំហានចុងក្រោយបង្អស់របស់ពួកគេ បន្ទាប់ពីមានកិច្ចព្រមព្រៀង និងកិច្ចសន្យាប្រហាក់ប្រហែលនេះ ជាមួយនឹងឥណ្ឌា ជប៉ុន និងក្រុមប្រទេសអ្នកមានទាំង៧ ឬហៅថា G7។

សហភាពអឺរ៉ុបបានចុះហត្ថលេខាលើភាពជាដៃគូជាមួយជប៉ុន និងឥណ្ឌារួចហើយ ដើម្បីសម្របសម្រួលគម្រោងដឹកជញ្ជូន ថាមពល និងឌីជីថល ដើម្បីតភ្ជាប់អឺរ៉ុបនិងអាស៊ី។ ទីក្រុងតូក្យូ និងញូដេលីមានការព្រួយបារម្ភអំពីការផ្ដល់ជំនួយ និងប្រាក់កម្ចីមិនរើសមុខដោយចិន ដែលពួកគេនិយាយថាធ្វើឱ្យបណ្ដាប្រទេសក្រីក្រជាប់ជំពាក់ក្រុងប៉េកាំង ពីព្រោះពួកគេត្រូវបង្ខំចិត្តយកបំណុលដ៏ច្រើនបែបនេះ។

គួររម្លឹកថា ចាប់តាំងពីឆ្នាំ ២០១៣ ប្រទេសចិនបានចាប់ផ្ដើមគម្រោងសាងសង់នៅជាង ៦០ ប្រទេស ក្នុងគោលបំណងកសាងបណ្ដាញផ្លូវគោកនិងសមុទ្រ ដើម្បីតភ្ជាប់ប្រទេសខ្លួនជាមួយអាស៊ីអាគ្នេយ៍ អាស៊ីកណ្ដាល មជ្ឈិមបូព៌ា អឺរ៉ុបនិងអាហ្វ្រិក។ 

យ៉ាងណាមិញ ក្រុងប៉េកាំងបានបដិសេធថាយុទ្ធសាស្ត្រនេះគឺមិនមែនសម្រាប់បញ្ចាំងអំណាច និងឥទ្ធិពលរបស់ខ្លួនទេ ហើយគឺគ្រាន់តែសម្រាប់បំពេញតម្រូវការរបស់ប្រជាជនសាមញ្ញប៉ុណ្ណោះ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ