វៀតណាម៖ ទីភ្នាក់ងារសារព័ត៌មាន VNexpress បានចេញផ្សាយ នាថ្ងៃទី២៤ មិថុនា ២០២១នេះថា ភាគីវៀតណាមបានស្នើសុំកិច្ចសហការជាមួយកូរ៉េខាងត្បូង ក្នុងការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
សំណើនេះបានកើតមានឡើង ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសកូរ៉េ Chung Eui-yong កាលពីថ្ងៃទី២៣ មិថុនា ម្សិលមិញ នៅក្រុងហាណូយ។ រដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំងកូវីដ១៩។ វៀតណាមថា ការផលិតវ៉ាក់សាំងនេះដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ស្តារសេដ្ឋកិច្ចឡើងវិញ និងឲ្យប្រជាពលរដ្ឋវិលត្រលប់មកប្រក្រតីភាពឡើងវិញ។
ផ្អែកតាមប្រភព ភាគីកូរ៉េដែលធ្វើទស្សនកិច្ចនៅវៀតណាម ពីថ្ងៃទី២១ ដល់ ២៣ មិថុនា បានអះអាងថា កូរ៉េខាងត្បូងតែងតែជំរុញទំនាក់ទំនងស៊ីជម្រៅជាមូយវៀតណាមជានិច្ច ដោយគូសបញ្ជាក់ថា វៀតណាមនឹងក្លាយជាដៃគូជិតស្និទ ក្នុងដំណើឆ្ពោះទៅគោលដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
គួរបញ្ជាក់ថា សំណើរបស់វៀតណាមលើការផលិតវ៉ាក់សាំងកូវីដនេះ ក៏កើតមានក្រោយពេល កូរ៉េខាងត្បូង កាលពីខែឧសភា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិកចំនួនពីរ Moderna និង Novavax ក្នុងការផលិតវ៉ាក់សាំងក្នុងប្រទេសរបស់ខ្លួន៕