មនុស្សស្លាប់បានកើនឡើងដល់១២នាក់ របួស១២១នាក់ និងខូចខាតផ្ទះសម្បែង ២៩២ ខ្នង ក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅថៃ
បាងកក៖ លោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យមន្ត្រី ផ្តល់ជំនួយភ្លាមៗដល់ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចនៅខេត្ត Narathiwat។ លោកក៏បានធានាដល់អ្នកនៅរស់រានមានជីវិតថា ពួកគេនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្លូវចិត្តពីរដ្ឋផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post នៅថ្ងៃទី៣១ កក្កដា ២០២៣។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល៣រសៀលថ្ងៃសៅរ៍ទី២៩ខែកក្កដា នៅឯឃ្លាំងមួយក្នុងក្រុង Muno ដោយពេលនេះ មនុស្សស្លាប់បានកើនឡើងដល់ ១២ នាក់ របួស ១២១ នាក់ និងខូចខាតផ្ទះសម្បែង ២៩២ ខ្នង។
យោងតាមលោកស្រី Rachada Dhnadirek ដែលជាអ្នកនាំពាក្យរងរដ្ឋាភិបាលបានឲ្យដឹងថា អភិបាលខេត្ត Narathiwat បានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ជនរងគ្រោះនៅទីលានកីឡារបស់រដ្ឋបាលស្រុក Muno ខណៈជនរងគ្រោះទាំងអស់ត្រូវបានផ្តល់ជំនួយសង្គ្រោះបន្ទាន់។
អ្នកនាំពាក្យខាងលើបន្តថា ព្រះមហាក្សត្រ ក៏បានបញ្ជូនឧបករណ៍សង្គ្រោះ និងរៀបចំអាហារដ្ឋានសម្រាប់ជនរងគ្រោះនៅឯទីជម្រកទាំងនោះផងដែរ។
ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក Santi Sakultanak មេបញ្ជាការកងទ័ពជើងគោកទី៤ កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យមន្ត្រី ត្រួតពិនិត្យស្តង់ដារសុវត្ថិភាពនៅឃ្លាំងកាំជ្រួចចំនួន៥២កន្លែងទៀតនៅទូទាំងខេត្ត Narathiwat ដើម្បីការពារករណីផ្ទុះ។
ដើមចមនៃការផ្ទុះឃ្លាំង ត្រូវបានលោកអភិបាលខេត្តដាក់ការសង្ស័យថា អាចបណ្តាលមកពីជាងផ្សាដែក មានការធ្វេសប្រហែស ក្នុងពេលជួសជុលឃ្លាំង ហើយប្រហែលជាផ្កាភ្លើងខ្ទាត ទៅប៉ះនឹងរំសេវ ឬក៏ផាវ និងកាំជ្រួចដែលរក្សាទុកនៅក្បែនោះ ទើបបណ្តាលឲ្យផ្ទុះនិងឆាបឆេះឡើងតែម្តង៕RT