ការផ្ទុះគ្រាប់បែកក្នុងប្រទេសមីយ៉ាន់ម៉ា សម្លាប់មនុស្ស ៥ នាក់ រួមទាំងសមាជិកសភាដែលត្រូវបានបណ្តេញចេញពីតំណែង
មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍កាលពីថ្ងៃអង្គារថា ការផ្ទុះគ្រាប់បែកយ៉ាងហោចណាស់មួយគ្រាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស ៥ នាក់ ក្នុងនោះមានសមាជិកសភាដែលត្រូវបានបណ្តេញចេញពីតំណែង និងមន្ត្រីប៉ូលីស ៣ នាក់ ដែលបានទាក់ទិនក្នុងចលនាស៊ីវិលប្រឆាំងនឹងច្បាប់យោធា។
ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី ១ ខែកុម្ភៈ ប្រទេសមីយ៉ាន់ម៉ា បានឃើញមានការផ្ទុះតូចៗជាច្រើននៅក្នុងតំបន់លំនៅដ្ឋាន ហើយពេលខ្លះសំដៅទៅលើការិយាល័យរដ្ឋាភិបាល ឬអគារយោធាទៀតផង។
សារព័ត៌មាន Myanmar Now បានរាយការណ៍ដោយដកស្រង់សំដីអ្នកស្រុកម្នាក់ថា ការផ្ទុះចុងក្រោយបង្អស់បានកើតឡើងនៅក្នុងភូមិមួយនៅភាគខាងត្បូងផ្នែកកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅភាគខាងលិច បាហ្គោ ហើយបានកើតឡើងនៅម៉ោងប្រហែល ៥ ល្ងាច ថ្ងៃច័ន្ទ។
របាយការណ៍បាននិយាយថា ការផ្ទុះចំនួន ៣ បានកើតឡើង នៅពេលដែលគ្រាប់បែកយ៉ាងហោចណាស់មួយគ្រាប់បានផ្ទុះឡើងនៅក្នុងផ្ទះមួយនៅក្នុងភូមិដែលបានសម្លាប់សមាជិកសភាក្នុងតំបន់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់ លោកស្រី ស៊ូជី ក៏ដូចជាមន្ត្រីប៉ូលីស ៣ នាក់ និងអ្នកស្រុកម្នាក់។
មន្ត្រីប៉ូលីសម្នាក់ទៀត ដែលបានស្ថិតនៅក្នុងចលនាស៊ីវិល ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ បន្ទាប់ពីដៃរបស់គាត់ត្រូវបានដាច់ចេញ ដោយការផ្ទុះនោះ។ ប្រភពដដែលបានបន្តថា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយកំពុងទទួលការព្យាបាល។
គួររលឹកថា ក្រុមតស៊ូមតិរបស់សមាគមជំនួយសម្រាប់អ្នកទោសនយោបាយនិយាយថា កម្លាំងសន្តិសុខបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៧៦៦ នាក់ ចាប់តាំងពីរដ្ឋប្រហារ។ របបយោធាបានជំទាស់នឹងតួលេខនេះ ហើយនិយាយថា យ៉ាងហោចណាស់សមាជិក ២៤ នាក់នៃកងកំលាំងសន្តិសុខត្រូវបានសម្លាប់ក្នុងពេលតវ៉ា។ ចំណែកអ្នកសារព័ត៌មានជាច្រើនស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលត្រូវបានឃុំខ្លួនផងដែរ។NR