អន្តរជាតិ៖ ដូចការគ្រោងទុក លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ កំពុងស្ថិតនៅ លេីយន្តហោះ ឆ្ពោះទៅកាន់ប្រទេសថៃ។ នេះបើតាមការបង្ហោះរបស់លោកស្រី យីនឡាក់ស៊ី ណាវ៉ាត្រា ប្អូនស្រីរបស់លោក ។
លោកស្រី យីងឡាក់ បាន សរសេរ ថា "សូមសំណាងល្អបងប្រុស។ ស្រឡាញ់អ្នកជានិច្ច។ បងប្រុសដ៏អស្ចារ្យរបស់ខ្ញុំ" ។ ជីវិតរស់នៅជាអ្នកនយោបាយនិរទេសខ្លួនអស់រយៈពេល១៧ឆ្នាំរបស់លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីទី២៣របស់ប្រទេសថៃ រំពឹងនឹងត្រូវបញ្ចប់។ ការប្រកាសពីការធ្វើមាតុភូមិនិវត្តន៍របស់អតីតនាយករដ្ឋមន្ត្រីថៃThaksin បានធ្វើឱ្យកើតមានការយល់ឃើញខុសៗគ្នានៅក្នុងចំណោមក្រុមអ្នកគាំទ្រនិងក្រុមប្រឆាំងរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។
នាពេលកន្លងមក មានការព្យាករណ៍ថា លោក Thaksin Shinawatra នឹងវិលត្រលប់ចូលប្រទេសថៃតាមយន្តហោះឯកជននៅអាកាសយានដ្ឋានដនមឿង ដើម្បីដោះស្រាយបញ្ហាទោសទណ្ឌដែលលោកបានគេសវេសមកអស់រយៈពេលជិត២០ឆ្នាំកន្លងមកនេះ។
កាលពីនៅថ្ងៃ១៩សីហា លោកស្រី Phae Thongtarn Shinawatra ដែលជាកូនស្រីពៅរបស់លោកThaksin តាមរយៈបណ្តាញសង្គមអនឡាញរបស់លោកស្រី បានបញ្ជាក់ពីមាតុភូមិនិវត្តន៍របស់លោក Thaksin ផងដែរ ដោយនិយាយថា «នៅថ្ងៃអង្គារ២២សីហា នៅម៉ោង៩ព្រឹកនៅអាកាសយានដ្ឋានDon Mueang នឹងទទួលដំណើរវិលត្រលប់របស់ឳពុកនាង»៕