លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាកម្លាំងនគរបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូធំដែលមានបំពង់ស៉ីម៉ាំងលឺខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន។

ក្នុងសារសំឡេងផ្ញើទៅកាន់នគរបាលរាជធានីភ្នំពេញ លោក ស ថេត បានបញ្ជាក់ថា ការផ្អាកបណ្ដោះអាសន្ននេះ គឺរង់ចាំទទួលបញ្ជាថ្មីពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាង នូវការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃនោះទេ ពោលមានសំណុំដើមមកពីរោងចក្រតែម្ដង។

លោក ស ថេត បានមើលឃើញថា ក្រោយមានបទបញ្ជាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៉ីម៉ាំងលឺខ្លាំងបង្កការរំខាន មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលជាការខុសពីបទបញ្ជា។

លោក ស ថេត បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «តាមខណ្ឌទាំងអស់ផ្អាកធ្វើការឃាត់ម៉ូតូធំ ម៉ូតូដែលមានស៉ីម៉ាំងអត់មានសំបុកដែលមានសំឡេងលឺខ្លាំងសិន ផ្អាកសិនដើម្បីរង់ចាំបទបញ្ជាថ្មី [...] ព្រោះម៉ូតូធំខ្លះគេមានសំបុកស៉ីម៉ាំងបើកទៅអត់លឺរំខានទេ ដូច្នេះប្រភេទនេះអត់មានខុសទេ»។

គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំលេងរំខានដល់ប្រជាពលរដ្ឋ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ