ទីបំផុត! ឆ្មាំជាតិអ៊ុយក្រែនដណ្តើមគ្រប់គ្រងរោងចក្រថាមពល នុយក្លេអ៊ែរ ឆឺណូប៊ីល ពីរុស្ស៊ីមកវិញ
ក្រុងកៀវ៖ ឆ្មាំជាតិអ៊ុយក្រែននៅថ្ងៃអង្គារថ្លែងថា កងពលរបស់ខ្លួនបាន ទៅដល់ទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល Chernobyl (NPP) នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៦ មេសា ២០២២។
ឆ្មាំជាតិអ៊ុយក្រែនបានបង្ហោះសារនៅលើហ្វេសប៊ុក ថា ភារកិច្ចចម្បងរបស់ឆ្មាំជាតិនៅទីតាំង ឆឺណូប៊ីល Chernobyl (NPP) គឺការធានាសន្តិសុខ និងការការពារកន្លែងនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាការការពាររូបវន្តនៃសម្ភារៈនុយក្លេអ៊ែរ។ឆ្មាំជាតិអ៊ុយក្រែនបន្តថា សុវត្ថិភាពនៃទីតាំង និងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនរបស់ខ្លួន នឹងត្រូវបានត្រួតពិនិត្យដោយកងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន។
ដោយឡែក ទាហានរុស្ស៊ីដែលបានគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល របស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ហើយបានចាកចេញពីរោងចក្រនេះកាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ។
សូមរំលឹកផងដែរថា រោងចក្រថាមពលនុយក្លេអ៊ែរ ឆឺណូប៊ីល ដែលមានចម្ងាយប្រហែល ១១០គីឡូម៉ែត្រភាគខាងជើង នៃ ទីក្រុងកៀវ របស់អ៊ុយក្រែន ធ្លាប់បានទទួលរងនូវឧបទ្ទវហេតុ នុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦៕RT