អ៊ុយក្រែន៖ អភិបាលក្រុងក្រែមីនណា (Kreminna) បានអះអាងថា កងទ័ពអ៊ុយក្រែន បានដកចេញពីទីក្រុងនេះ ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានវាយប្រហារយ៉ាងសន្ធាប់ មកពីគ្រប់ទិសទី សម្រុកចូលកាន់ទីក្រុង Kreminna ស្ថិតនៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី២០ មេសា ២០២២។
លោក ស៊ើរហ៊ីយ ហ្គៃដាយ អភិបាលតំបន់លូហាន់ស្ក៍ បានបញ្ជាក់ថា មុនពេលផ្ទុះសង្គ្រាម ទីក្រុង Kreminna នេះ មានប្រជាពលរដ្ឋ ជាង ១៨ ០០០នាក់ រស់នៅ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ទីក្រុង Kreminna បានធ្លាក់ទៅ ក្រោមកណ្ដាប់ដៃរបស់កម្លាំងទាហានរុស្ស៊ី ចាប់តាំងពីពួកគេបានបើកការវាយលុក នៅក្នុងដំណាក់កាលថ្មី នៅក្នុងតំបន់ដុនបាស់ (Donbas) ស្ថិតនៅភាគខាងកើតប្រទេស ខណៈកងទ័ពអ៊ុយក្រែន បានដកចេញពីទីក្រុងនេះ។
លោក ស៊ើរហ៊ីយ ហ្គៃដាយ បានបន្ថែមថា កម្លាំងការពារទឹកដីរបស់យើង បានដកចេញពីទីក្រុងនេះ ទៅបោះមូលដ្ឋានកងទ័ពថ្មី ហើយកំពុងតែប្រយុទ្ធជាមួយនឹងកម្លាំងទាហានរបស់រុស្ស៊ី បន្ដទៀត។
ដោយឡែក លោក អ៊ីហ្គ័រ កូណាសែនកូវ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ការវាយប្រហារ តាមអាកាស បានកម្ទេចមូលដ្ឋានកងទ័ពអ៊ុយក្រែន និង ទីតាំងស្ដុកគ្រឿងសឹក ចំនួន១៣កន្លែង ខណៈកម្លាំងទ័ពអាកាស បានវាយប្រហារ លើទីតាំងយោធាអ៊ុយក្រែន ចំនួន៦០កន្លែងផ្សេងទៀត រួមទាំងឃ្លាំងផ្ទុកក្បាលគ្រាប់មីស៊ីល ផងដែរ។
រហូតមកដល់ពេលនេះ កម្លាំងទាហានរុស្ស៊ី កំពុងតែបង្កើនការវាយប្រហារយ៉ាងខ្លាំង ទៅលើតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ក្រោយបរាជ័យមិនអាចដណ្ដើម កាន់កាប់រដ្ឋធានីគៀវ បាន។
លើសពីនេះទៅទៀត វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានអះអាងថា គោលបំណងដ៏សំខាន់ ត្រូវតែវាយដណ្ដើម កាន់កាប់តំបន់ដុនបាស់ (Donbas) នាភាគខាងកើត ប្រទេសអ៊ុយក្រែន ដែលភាគច្រើន ពលរដ្ឋរស់នៅទីនោះ និយាយភាសារុស្ស៊ី៕RT