វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកាថា កងកម្លាំងអ៊ុយក្រែនអាចដណ្តើមយកទីក្រុង Kherson ភាគខាងត្បូងយុទ្ធសាស្ត្រមកវិញ ពីកងទ័ពរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៤ វិច្ឆិកា ២០២២។
ការកត់សម្គាល់របស់ Austin ធ្វើឡើងស្របពេលដែលមន្ត្រីដំឡើងដោយរុស្ស៊ីនៅក្នុងតំបន់ Kherson បាននិយាយថា ទីក្រុងម៉ូស្គូទំនងជានឹងដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងលិចនៃទន្លេ Dnipro ដែលជាសញ្ញានៃការដកថយដ៏សំខាន់ប្រសិនបើមានការបញ្ជាក់។ ដោយឡែក អ៊ុយក្រែនបាននិយាយថា ខ្លួននៅតែប្រយុទ្ធគ្នានៅក្នុងតំបន់នោះ ហើយត្រូវប្រុងប្រយ័ត្នចំពោះកងកម្លាំងរុស្ស៊ីដែលកំពុងកាន់កាប់ដាក់អន្ទាក់។
លោក អូស្ទីនមិនបានឆ្លើយតបទៅនឹងសំណួរថាតើកងកម្លាំងរុស្ស៉ីពិតជាកំពុងត្រៀមខ្លួនដកថយ ឬចាកចេញពីតំបន់ខឺសុន ឬយ៉ាងណានោះទេ ដោយ គ្រាន់តែបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅឯមន្ទីរបញ្ចកោណនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កងកម្លាំងអ៊ុយក្រែនមានសមត្ថភាពវាយដណ្ដើមយកតំបន់ ខឺសុនពីរុស្ស៉ីមកវិញ។ «ជុំវិបញ្ហាថាតើកងកម្លាំងអ៊ុយក្រែនអាចវាយយកទឹកដី ដែលនៅសេសសល់នៃច្រាំងខាងលិចទន្លេឌីនីប្រូ និងក្នុងតំបន់ខឺសុន មកវិញ ដែរឬក៏យ៉ាងណា ខ្ញុំជឿជាក់ថាពួកគេមានសមត្ថភាពអាចធ្វើបាន»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន។
រុស្ស៊ីបានប្រយុទ្ធអស់ជាច្រើនខែដើម្បីកាន់កាប់នៅច្រាំងខាងលិចមាត់ទន្លេ Dnipro ដែលកាត់អ៊ុយក្រែន។ ទីក្រុងមូស្គូបានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ ដើម្បីពង្រឹងតំបន់នេះ ដែលជាអាទិភាពមួយនៃសមរភូមិប្រយុទ្ធដ៏ធំបំផុតរបស់ខ្លួន។
យ៉ាងណាមិញ អ៊ុយក្រែនបានកំណត់គោលដៅឆ្លងកាត់ទន្លេសំខាន់ៗជាច្រើនខែ ដែលធ្វើឱ្យវាពិបាកសម្រាប់រុស្ស៊ីក្នុងការផ្គត់ផ្គង់កម្លាំងដ៏ធំរបស់ខ្លួននៅច្រាំងខាងលិច។ កងទ័ពអ៊ុយក្រែនបាននិងកំពុងរុលទៅមុខតាមដងទន្លេចាប់តាំងពីបានផ្ទុះកាត់តាមជួរមុខរុស្ស៊ីនៅដើមខែតុលា បើទោះបីជាការរីកចម្រើនរបស់ពួកគេមានការយឺតយ៉ាវក៏ដោយ៕