មានវិធីសាស្ត្រទាំង១០ អាចជួយបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោម៖ 

១- កុំបោះបង់អាហារពេលព្រឹក

សម្រកគីឡូដោយផាសុកភាព ហាមដាច់ខាត កុំអត់អាហារពេលព្រឹក ព្រោះធ្វើឲ្យយើងកាន់តែឃ្លាន ញ៉ាំកាន់តែច្រើន។ ញ៉ាំគ្រាប់ធញ្ញជាតិសុទ្ធ ផ្លែឈើ និងទឹកដោះគោគ្មានជាតិខ្លាញ់ (ទឹកដោះគោសម្រកទម្ងន់) ជាជម្រើសល្អសម្រាប់អាហារព្រឹក។

២- ហាមហូបពេលយប់

មិនត្រូវហូបអាហារ ឬរបស់ពេលយប់ បន្ទាប់ពីបាយល្ងាចទេ។ តែបើចង់ញ៉ាំ គួរញ៉ាំតែក្តៅ ឬយ៉ាអួរមួយកំប៉ុងក៏បាន។ ពេលដុសធ្មេញរួច មិនគួរញុំាអីទៀតទេ ហើយអាហារសម្រន់ពេលយប់អាចធ្វើឲ្យឡើងគីឡូលឿនបំផុត។

៣- រើសភេសជ្ជៈមានកាឡូរីត្រឹមត្រូវ

ញ៉ាំភេសជ្ជៈផ្អែមៗ ស្រាក្រហម ឬស្រាក្រឡុកច្រើនពេក ក៏ធ្វើឲ្យខូចរាងដែរ។ បើយើងស្រេកខ្លាំង ទឹកធម្មតាជាជម្រើសល្អបំផុត ទឹកលាយក្រូចឆ្មារបន្តិច ទឹកដោះគោគ្មានជាតិខ្លាញ់ ឬជាតិខ្លាញ់ទាប ទឹកផ្លែឈើស្រស់ ក៏ល្អដែរ។ ពេលឃ្លាននៅចន្លោះពេលធម្មតា គួរញ៉ាំទឹកបន្លែដែលមានជីវជាតិ និងមានកាឡូរីទាប។

៤- ញ៉ាំផ្លែឈើឲ្យច្រើន

ដើម្បីសម្រកទម្ងន់តាមធម្មជាតិ មិនថាប្រុស ឬស្រីទេ ក្នុងរបបអាហារ គួរញុំាបន្លែ ផ្លែឈើឲ្យច្រើនជាងសាច់ ព្រោះអាចផ្តល់វីតាមីន ជាតិរ៉ែ សារធាតុបំប៉ន ជាតិសរសៃជំនួសកាឡូរី។

៥- ជ្រើសយកគ្រាប់ធញ្ញជាតិ

ធញ្ញជាតិចម្រាញ់ហើយ ដូចជា នំបុ័ងពណ៌ស នំខេក នំឃុកគី វាមិនមែនជាជម្រើសល្អសម្រាប់សម្រកទម្ងន់ទេ។ ញ៉ាំនំបុ័ងផលិតពីស្រូវសាលី និងនំចម្រាញ់ពីបន្លែ ព្រោះអាចផ្គត់ផ្គង់ជាតិសរសៃចាំបាច់ និងជួយឲ្យឆាប់ឆ្អែត។

៦- គ្រប់គ្រងបរិយាកាសជុំវិញខ្លួន

គួរធ្វើឲ្យផ្ទះបាយក្លាយជាកន្លែងពោរពេញដោយអាហារសុខភាព ហើយមានកម្មវិធីជប់លៀង ត្រូវចាំថា គួរញ៉ាំតែអាហារសម្រន់ដែលជួយឲ្យមានសុខភាពល្អ ឬញ៉ាំទឹកមួយកែវធំជាមុនសិន ចាំញុំាអាហារទាំងនោះតាមក្រោយ។ សម្រាប់អាហារប៊ូហ្វេ ជ្រើសរើសម្ហូបណាល្អសម្រាប់សុខភាពបានហើយ។

៧- បន្ថយរបបអាហារ

កាត់បន្ថយចំណែកអាហារពី ១០-២០% ជាវិធីអាចបញ្ចុះទម្ងន់ជោគជ័យដូចគ្នា។ ម្ហូបនៅតាមភោជនីយដ្ឋាន ឬនៅផ្ទះ ធម្មតា លើសចំណែកដែលរាងកាយយើងត្រូវការ បើអ៊ីចឹង យើងអាចគ្រប់គ្រងរបបអាហារដោយប្រើតែចានតូចៗបានហើយ។

៨- បញ្ចេញកម្លាំងឲ្យច្រើន

វិធីមានប្រសិទ្ធភាពបំផុតដើម្បីបញ្ចុះគីឡូដោយមិនចាំបាច់តមអាហារ គឺដើរឲ្យច្រើនជាងមុនប្រហែល ១០.០០០ ជំហានក្នុងមួយថ្ងៃ អាចប្រើឧបករណ៍វាស់ចម្ងាយផ្លូវរំឭក និងជំរុញទឹកចិត្តយើង។

៩- ប្រូតេអ៊ីគ្រប់គ្រាន់ក្នុងអាហារ

ញ៉ាំអាហារតិចៗ បូកជាមួយអាហារសម្រន់ រៀងរាល់ ៣-៤ ម៉ោងម្តង និងបន្ថែមប្រូតេអ៊ីន (សាច់) មានជាតិខ្លាញ់ទាប អាចជួយរក្សាកម្រិតឈាមឲ្យមានលំនឹង ធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ យើងអាចសាកល្បងញ៉ាំយ៉ាអួរដែលមានជាតិស្ករតិច គ្រាប់ធញ្ញជាតិមួយចានតូច បឺរដំណាប់ណ្តែក (Peanut butter) ស៊ុត សណ្តែក ឬសាច់គ្មានខ្លាញ់។

១០- វិធីងាយៗផ្សេងទៀត

ដើម្បីស្រកទម្ងន់តាមធម្មជាតិ ហាមញ៉ាំអាហារមានខ្លាញ់ច្រើន ដូចជា ម៉ាយូណេស គ្រីម ឬដំឡូងបារាំងស។ ជម្រើសផ្សេងដើម្បីសម្រកទម្ងន់ មាន ដំឡូងបារាំងដុត (មិនលាយ ឬប្រលាក់គ្រឿង) ទឹកដោះគោស្រស់គ្មានខ្លាញ់។ ត្រូវចាំ ការបញ្ចុះទម្ងន់ ត្រូវធ្វើសន្សឹមៗ និងច្បាស់លាស់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ