សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជូនសារច្បាស់ៗទៅកាន់សត្រូវរបស់ខ្លួន តាមរយៈការចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ការធ្វើសមយុទ្ធហាត់សមវាយបកដោយអាវុធនុយក្លេអ៊ែរជាលើកដំបូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន KCNA នៅថ្ងៃទី២៤ មេសា ២០២៤។
សមយុទ្ធហាត់សមវាយបកដោយអាវុធនុយក្លេអ៊ែរជាលើកដំបូងនេះ ធ្វើឡើងកាលពីថ្ងៃចន្ទ ដោយលោក គីម ជុងអ៊ុន បានដឹកនាំបញ្ជាដោយផ្ទាល់លើការធ្វើសមយុទ្ធនេះដែលមានការចូលរួមពីកងកម្លាំងកាំភ្លើងធំផងដែរ។
នាឱកាសនោះ លោក គីម ជុងអ៊ុន បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការធ្វើសមយុទ្ធនេះ ខណៈដែលរ៉ុក្កែតជាច្រើនគ្រាប់បានវាយប្រហារចំគោលដៅ ដែលស្ថិតនៅចម្ងាយប្រហែល ៣៥២គីឡូម៉ែត្រ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានបញ្ជាក់ថា សមយុទ្ធនេះដែរ ធ្វើឡើងជាការឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពអាកាសរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានដំណើរការចាប់តាំងពីថ្ងៃទី១២ ដល់១៦ ខែមេសាកន្លងមកនេះ។
ដោយឡែក កងទ័ពអាកាសអាមេរិក និងកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធប្រចាំឆ្នាំរួមគ្នារបស់ពួកគេ នឹងផ្តោតសំខាន់លើការវាយប្រហារតាមដែនអាកាស និងពង្រឹងសមត្ថភាពរបស់កម្លាំងទាំងពីរ ក្នុងការរារាំង ការពារ និងកម្ចាត់សត្រូវ។ កូរ៉េខាងជើងបានអះអាងវិញថា ខ្លួនបានរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពីការបង្កហេតុឥតឈប់ឈររបស់កងកម្លាំងអរិភាព (សត្រូវ) ហើយថា ខ្លួនត្រូវតែពង្រឹងសាច់ដុំយោធាឱ្យខ្លាំងក្លាបំផុត និងលឿនជាងមុន។
ចំណែកក្រុមអ្នកវិភាគក៏បានព្រមានដែរថា កូរ៉េខាងជើងអាចនឹងធ្វើមីស៊ីលគ្រូស មុនពេលបញ្ជូនវាទៅរុស្ស៊ីដើម្បីប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានអះអាងថា លោក គីម បានដឹកជញ្ជូនសព្វាវុធទៅទីក្រុងមូស្គូ បើទោះបីជាទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានហាមឃាត់សកម្មភាពបែបនេះក៏ដោយ។ បើតាមការបញ្ជាក់ពីកូរ៉េខាងត្បូង កូរ៉េខាងជើងបានបញ្ជូនសព្វាវុធតាមកុងតឺន័រប្រមាណ ៧,០០០កុងតឺន័រទៅឱ្យ ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន៕