មេដឹកនាំកូរ៉េខាងជើង ប្រកាសប្រាប់កងទ័ពរបស់ខ្លួនឲ្យចាត់ទុកកូរ៉េខាងត្បូងជាសត្រូវបរទេសដ៏អរិភាព និងត្រូវតែតបតរទោះក្នុងកាលៈទេសៈណាក៏ដោយ
អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានក្រើនរំលឹកដល់កងទ័ពរបស់លោកថាឱ្យចាត់ទុកកូរ៉េខាងត្បូងជាសត្រូវបរទេសដ៏អរិភាពបំផុត ហើយទទូចថាកូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារគូប្រជែងរបស់ខ្លួននោះទេ ប្រសិនបើកូរ៉េខាងត្បូងនៅតែរំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃទី១៨ តុលា ២០២៤។
ការអត្ថាធិប្បាយរបស់លោកគីមបែបនេះគឺធ្វើឡើងនៅឯទីស្នាក់ការកងទ័ពកូរ៉េខាងជើង បន្ទាប់ពីប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះបានបញ្ជាក់ថាខ្លួនបានកែប្រែរដ្ឋធម្មនុញ្ញថ្មីដើម្បីកំណត់ប្រទេសកូរ៉េខាងត្បូងជា “រដ្ឋអរិភាព” និងបានបំផ្ទុះផ្លូវខ្សែបណ្តោយព្រំដែនខាងមុខ និងផ្លូវដែកដែលធ្លាប់បានតភ្ជាប់ទៅភាគខាងត្បូងដែរ។
ជំហាននេះបានកំណត់ការអំពាវនាវរបស់លោក គីម ជាថ្មីនិងជម្រុញឱ្យកូរ៉េខាងជើងបោះបង់ចោលនូវគោលដៅដ៏យូរអង្វែងរបស់ខ្លួនដែលចង់ផ្សះផ្សាជាមួយកូរ៉េខាងត្បូងវិញ ហើយឆ្លុះបញ្ចាំងពីចេតនាភាពរបស់លោកដើម្បីបង្កើនភាពតានតឹង និងបង្កើនអានុភាពចំពេលមានការជាប់គាំងផ្នែកការទូតកាន់តែស៊ីជម្រៅដែរ។
អ្នកវិភាគមើលឃើញការកើនឡើងហានិភ័យនៃការប៉ះទង្គិចគ្នាដែលអាចកើតមាននៅតាមតំបន់ព្រំដែនដ៏តានតឹងរបស់គូប្រជែងបងប្អូនទាំងពីរ បើទោះបីជាវាមើលទៅមិនទំនងសម្រាប់កូរ៉េខាងជើងក្នុងការសញ្ជឹងគិតអំពីហេតុការណ័វាយប្រហារពេញលេញនៅចំពោះមុខកងកម្លាំងកំពូលរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក៏ដោយ។
អំឡុងពេលទស្សនកិច្ចទៅកាន់ទីស្នាក់ការកងពលធំទី២ របស់កងទ័ពប្រជាជនកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍នេះដែរ លោក គីម បានសង្កត់ធ្ងន់ទៅកាន់កងទ័ពរបស់លោកអំពីសារៈសំខាន់នៃការយល់ដឹងបន្ថែមថា ការប្រើប្រាស់កម្លាំងវាយលុកណាមួយប្រឆាំងនឹងកូរ៉េខាងត្បូងនឹងបង្កើតជា “សកម្មភាពសងសឹកស្របច្បាប់ប្រឆាំងនឹងប្រទេសជាសត្រូវនេះ មិនមែនជាជនរួមជាតិរបស់ពួកគេនោះទេ។
លោកបាននិយាយទៀតថា ការបំផ្ទុះរបស់កូរ៉េខាងជើងនៃផ្នែកផ្លូវ ខាងមុខនិងផ្លូវដែកកាលពីថ្ងៃអង្គារនេះគឺជាចេតនាបង្ហាញពីការតាំងចិត្តរបស់កូរ៉េខាងជើងក្នុងការកាត់ផ្តាច់ទំនាក់ទំនងដ៏ “អាក្រក់” និងដៅចំណាំជាមួយកូរ៉េខាងត្បូងហើយ ដែលវាមានរយៈពេលមួយសតវត្សន៍ទៅមួយសតវត្សន៍ទៀត និងការដកចេញទាំងស្រុងនូវការយល់ដឹងនានាដែលគ្មានប្រយោជន៍អំពីជនរួមជាតិ និងគំនិតមិនសមហេតុផលក្នុងការបង្រួបបង្រួមជាតិឡើងវិញ។
លោកបាននិយាយទៀតថា ព្រឹត្តិការណ៍នេះក៏ចាត់ទុកជាសេចក្តីប្រកាសមួយដែរថា កងទ័ពរបស់លោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់កម្លាំងផ្នែករាងកាយផ្សេងៗប្រឆាំងនឹងកូរ៉េខាងត្បូង ដែលលោកចាត់ទុកជា “ប្រទេសអរិភាពជាក់ស្តែង” ប្រសិនបើពួកគេរំលោភអធិបតេយ្យភាពរបស់កូរ៉េខាងជើង៕