បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រ ដោយបានមើលការដឹកជញ្ជូន និងការបាញ់បង្ហោះយានសម្រាប់អាវុធអន្តរទ្វីបដ៏ធំ និងមានឥទ្ធិពលបំផុត របស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ តុលា ២០២៤។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ KCNA បានរាយការណ៍ថា លោក គីម បានពាក់អាវស្បែកពណ៌ខ្មៅ តាមទម្លាប់ ហើយឈរនៅពីមុខកាំជ្រួចមីស៊ីលអន្តរទ្វីប Hwasong-18 ដ៏ធំសម្បើម។ លោកត្រូវបានថតជាប់នឹងកាំជ្រួច រយៈចម្ងាយមធ្យម និង រយៈចម្ងាយឆ្ងាយ ផងដែរ។
លោក Kim បានត្រួតពិនិត្យ «មុខងារ និងសមត្ថភាពសំខាន់ៗ នៃគ្រឿងបរិក្ខារទាក់ទងនឹងការបាញ់បង្ហោះ នៅក្នុងមូលដ្ឋានមីស៊ីល»។ លោក Kim បានសាទរចំពោះកម្លាំងមីស៊ីលសម្រាប់ «តួនាទីសំខាន់» របស់ខ្លួន ក្នុងការទប់ស្កាត់សង្គ្រាម ដោយនិយាយថា ជាកិច្ចការអាទិភាពកំពូល។
ដំណើរទស្សនកិច្ចរបស់លោក Kim នៅទីនោះ បានធ្វើឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព «ទ្រង់ទ្រាយធំ» ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន៕RT