មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះពិនិត្យរោងចក្រសព្វាវុធ ស្របពេលមានការរិះគន់ជុំវិញការជួញដូរអាវុធជាមួយរុស្ស៊ី
អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅពិនិត្យរោងចក្រសព្វាវុធក្នុងសប្តាហ៍នេះ ខណៈដែលសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនបានថ្កោលទោសការផ្ទេរអាវុធរបស់ប្រទេសនេះជាមួយរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃទី១០ មករា ២០២៤។
លោក គីម បានគូសបញ្ជាក់ពី «ភាពខ្វះខាត» នាពេលថ្មីៗនេះ នៅក្នុងការរៀបចំផលិតអាវុធ និងបានអំពាវនាវឱ្យមានការកែតម្រូវឡើងវិញ ខណៈដែលសង្កត់ធ្ងន់លើ «សារៈសំខាន់ជាយុទ្ធសាស្រ្តនៃការផលិតអាវុធសំខាន់ៗ»។
ដោយឡែក ដំណើរចុះពិនិត្យរបស់លោក គីម ទៅកាន់រោងចក្រផលិតគ្រឿងយុទ្ធោបករណ៍ និងបង្ហាញឱ្យឃើញលោកកំពុងត្រួតពិនិត្យរថយន្តបាញ់មីស៊ីលចល័តរយៈចម្ងាយខ្លី។ ដំណើរចុះពិនិត្យរបស់លោកធ្វើឡើងខណៈប្រទេសជិត ៥០ បានថ្កោលទោសការទិញ និងការប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើងដោយរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។
ទន្ទឹមនឹងនោះ លោក គីម ក៏បាននិយាយផងដែរថា ពេលវេលាបានមកដល់ហើយក្នុងការកំណត់ប្រទេសកូរ៉េខាងត្បូងថាជារដ្ឋ «អរិភាពបំផុត» ចំពោះប្រទេសកូរ៉េខាងជើង។ លោកបានចោទប្រកាន់ទីក្រុងសេអ៊ូល ពីការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា និងបង្កើតអាវុធ ខណៈពេលដែលជំរុញឱ្យកូរ៉េខាងជើងបង្កើនសមត្ថភាពយោធាសម្រាប់ការការពារខ្លួន និងការរារាំងសង្គ្រាមនុយក្លេអ៊ែរ៕