អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលព័ត៌មានប្រឌិតរបស់ Hacker ដោយបោកឱ្យពលរដ្ឋចុចតាមការណែនាំរបស់ខ្លួន ដើម្បីបានលុយជំនួយពីរាជរដ្ឋាភិបាល
1 ឆ្នាំ មុន
ភ្នំពេញ៖តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ ៥០០ដុល្លារជូនដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់ (link) ដើម្បីត្រួតពិនិត្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា «សូមប្រកាសបដិសេធចំពោះព័ត៌មាននេះដោយចាត់ទុកថា ជាព័ត៌មានប្រឌិតទាំងស្រុង ហើយសូមអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់ កុំចុចតំណភ្ជាប់នេះឱ្យសោះ ពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម (Telegram) ឬហ្វេសប៊ុក (Facebook) ឬអាចជាមេរោគក៏ថាបាន»៕