កាតា៖ ប្រទេសកាតាកំពុងបន្តសម្របសម្រួល ការចរចាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កន្លងទៅនេះក្នុងគោលដៅបន្ថយការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា បើទោះជាអ៊ីស្រាអែលបានបង្កើនការវាយលុករបស់ខ្លួនទៅលើតំបន់នោះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ៣០ តុលា ២០២៣។

ប្រជាជននៅតំបន់ហ្គាហ្សានាពេលនេះ ស្ទើរតែគ្មានទំនាក់ទំនងអ្វីសោះជាមួយពិភពខាងក្រៅ ខណៈដែលយន្តហោះអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកបន្ថែមទៀតទៅលើក្រុមហាម៉ាស់។ លើសពីនេះទៅទៀតមេទ័ពអ៊ីស្រាអែលបាននិយាយថា ការវាយលុកតាមផ្លូវគោកកំពុងរៀបចំឡើង។

គួរឱ្យដឹងដែរថា កាតាបាននិងកំពុងដឹកនាំការចរចាផ្នែកការទូតនៅពីក្រោយឆាកអស់រយៈពេលជាងបីសប្តាហ៍ដោយមន្ត្រីកាតាព្យាយាមនិយាយទៅកាន់មន្ត្រីក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដើម្បីឱ្យលើកកម្ពស់សន្តិភាព និងធានាការដោះលែងចំណាប់ខ្មាំងជាង ២០០ នាក់ដែលក្រុមហាម៉ាស់ និងក្រុមប្រដាប់អាវុធផ្សេងទៀតកំពុងកាន់កាប់នៅតំបន់ហ្គាហ្សា។

ជាលទ្ធផលមកទល់ពេលនេះ តាមរយៈការសម្រុះសម្រួលរបស់ប្រទេសកាតា កាលពីសប្តាហ៍មុនបានធ្វើឱ្យក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកពីរនាក់ម្តាយ និងកូនស្រី រួមទាំងស្ត្រីចំណាស់ជនជាតិអ៊ីស្រាអែល ២នាក់ផងដែរ។

ស្របពេលជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ(Benjamin Netanyahu)បាននិយាយកាលពីថ្ងៃសៅរ៍ដែរថា កិច្ចខិតខំប្រឹងប្រែងដើម្បីធានាឱ្យមានការដោះលែងចំណាប់ខ្មាំងនឹងបន្ត សូម្បីតែក្នុងអំឡុងពេលនៃការវាយលុកតាមដែនគោលដៅចូលទៅតំបន់ហ្គាហ្សាក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ