ក្រុមប្រដាប់អាវុធហាម៉ាសត្រៀមដោះលែងចំណាប់ខ្មាំង ៧០ នាក់ជាថ្នូរនឹងបទឈប់បាញ់ រយៈពេល ៥ ថ្ងៃ
អន្តរជាតិ៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បាននិយាយថា ពួកគេបានប្រាប់ក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតា ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងស្ត្រី និងកុមាររហូតដល់ ៧០ នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សាជាថ្នូរនឹងបទឈប់បាញ់រយៈពេល៥ថ្ងៃ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៤ វិច្ឆិកា ២០២៣។
លោក អាប៊ូ អ៊ូបៃដា(Abu Ubaida)អ្នកនាំពាក្យ កងវរសេនាតូច អាល់កាសាម (Alqassam Brigades) របស់ក្រុមហាម៉ាស បាននិយាយនៅក្នុងខ្សែអាត់សំឡេងដែលបានចេញផ្សាយនៅលើបណ្តាញសង្គម Telegram របស់ក្រុមនេះ ថា បទឈប់បាញ់ គួរតែរួមបញ្ចូលបទឈប់បាញ់ពេញលេញ និងអនុញ្ញាតឱ្យផ្តល់ជំនួយ និងការសង្គ្រោះមនុស្សធម៌នៅគ្រប់ទីកន្លែងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ លោកបានចោទប្រកាន់អ៊ីស្រាអែលពីបទ ពន្យារពេល និងគេចវេះ ការដោះដូរកិច្ចព្រមព្រៀងនេះ។
អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនកាលពីខែមុន ដើម្បីកម្ទេចក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានវាយលុកឆ្លងកាត់ភាគខាងត្បូងអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិល។ យោងតាមចំនួនសរុបរបស់ប្រទេសអ៊ីស្រាអែល មនុស្សប្រហែល ១.២០០ នាក់បានស្លាប់ និង ២៤០ នាក់ត្រូវបានចាប់ចូលទៅក្នុងតំបន់ហ្កាហ្សា ជាចំណាប់ថ្នូរ។
យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល ចំនួនអ្នកស្លាប់សរុបនៅតំបន់ហ្កាហ្សាស្ទ្រីបបានកើនឡើងដល់ ១១.២៤០នាក់ គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ។ យោងតាមអ្នកនាំពាក្យការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ចំនួនអ្នកស្លាប់ចាប់តាំងពីថ្ងៃទី៧ ខែតុលា រួមមានកុមារចំនួន ៤.៦៣០នាក់ និងស្ត្រីចំនួន ៣.១៣០នាក់ ៕