ណៃពិដោ៖ អង្គការសហប្រជាជាតិបានឱ្យដឹងនាពេលថ្មីៗនេះថា មនុស្សសរុបកើនដល់ជាង ២៨៦,០០០នាក់ហើយ បានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នាប៉ុន្មានសប្តាហ៍មកនេះ រវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ វិច្ឆិកា ២០២៣។
ខ្សែអាតិ៍វីដេអូមួយ ដែលចេញផ្សាយដោយក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច គឺកងទ័ពអារ៉ាខាន់ (Arakan) បានបង្ហាញពីកងទ័ពរបស់ខ្លួនកំពុងប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនឹងកងកម្លាំងយោធាមីយ៉ាន់ម៉ា។ ក្រុមប្រដាប់អាវុធនេះ បានវាយលុកឆ្ពោះទៅកាន់ទីក្រុងភឿកតាវ ដែលជាទីក្រុងមានប្រជាជនចំនួន ២០,០០០នាក់ នៅជិតកំពង់ផែទឹកជ្រៅដ៏សំខាន់មួយនៅក្នុងក្រុងនៃរដ្ឋរ៉ាក់ឃីន ភាគខាងលិចកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Farhan Haq បានឱ្យដឹងនាពេលថ្មីៗនេះថា កន្លែងដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាជាងគេ គឺស្ថិតនៅរដ្ឋ Shan, Sagaing, Kayah, Rakhine និង Chin។ មនុស្សកើនដល់ជាង ២៨៦,០០០នាក់ហើយ ត្រូវបង្ខំឱ្យរត់ភៀសខ្លួនពីផ្ទះសម្បែង គិតចាប់តាំងពីការកើនឡើងនៃការប្រយុទ្ធគ្នា កាលចុងខែតុលា ហើយតួលេខនេះរំពឹងថា នឹងបន្តកើនឡើងថែមទៀត។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាខ្លាំងបានផ្ទុះឡើងដំបូង កាលពីថ្ងៃទី២៦ ខែតុលា នៅរដ្ឋ Shan ភាគខាងជើង កៀកព្រំប្រទល់ប្រទេសចិន នៅពេលចលនាប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ក្រុម បានសហការគ្នាបើកការវាយប្រហារប្រឆាំងកងកម្លាំងយោធាមីយ៉ាន់ម៉ា។ បន្ទាប់មក កងទ័ពចលនាអារ៉ាខាន់ (AA) ដែលស្ថិតក្នុងសម្ព័ន្ធភាពខាងលើ ក៏បានបើកការវាយប្រហារនៅរដ្ឋ Rakhine ភាគខាងលិច ស្របពេលដែលការប្រយុទ្ធគ្នាកើតមានឡើងនៅរដ្ឋ Kayah ភាគខាងកើត ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់ថៃ៕