នាសៀលថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញទទួលព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមាតុភូមិនិវត្តន៍ពីទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងដំណើរយាងនិវត្តន៍ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នេះក៏មានការចូលរួមដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ថា ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។ 

ក្នុងឱកាសទ្រង់គង់ប្រថាប់នៅប្រទេសចិន ព្រះអង្គទាំងទ្វេបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការចំនួន៣ថ្ងៃ នៅខេត្តសានសុី តបតាមសេចក្តីក្រាបបង្គំទូលយាង និងរៀបចំថ្វាយដោយ ឯកឧត្តមប្រធានាធិបតី Xi JinPing។ នាព្រះរាជដំណើរព្រះរាជទស្សកិច្ចផ្លូវការនៅខេត្តសានស៊ីនោះ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងក្នុងព្រះរាជពិធីលាងសោយភោជន៍ រៀបចំដោយ ឯកឧត្តម លេខាបក្សខេត្តសានសុី និងឯកឧត្តម អភិបាលក្រុងយ៉ានអាន។ បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទានជូនឯកឧត្តម លេខាគណៈកម្មាធិការបក្សខេត្ត និង ឯកឧត្តម អភិបាលខេត្ត អញ្ជើញចូលថ្វាយបង្គំគាល់ផងដែរ។ ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំខេត្ត ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាងបំពេញទស្សនកិច្ចនៅតំបន់មួយចំនួនក្នុងខេត្ត ដោយក្នុងនោះទ្រង់បានយាងទតក្រុមហ៊ុនផលិតរថយន្តឯកជនមួយ និងយាងថ្វាយបង្គំព្រះ និងទស្សនកិច្ចនៅក្នុងព្រះវិហារ Da Ci’en នៃទីក្រុងសុីអានផងដែរ។ 

លើសពីនេះទៅទៀត នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចទាំងទ្វេសព្វព្រះរាជហឫទ័យយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»  ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ថ្នាក់ដឹកនាំបរទេស ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរទៀតផង៕ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ