វ៉ាសាវី៖ ប្រទេសប៉ូឡូញ មានគម្រោងផ្ទេរយន្ដហោះចម្បាំងផលិត នៅក្នុងសម័យសហភាពសូវៀត ទៅជួយក្រុងកៀវ ចាប់តាំងពីក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យកម្លាំងទាហានរបស់គាត់ បើកទ្វារព្រំដែន វាយប្រហារចូលលុកលុយ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១៧ មីនា ២០២៣។
លោក អេនហ្សេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា យន្ដហោះចម្បាំងជាច្រើនគ្រឿង មានតម្លៃរាប់សិបលានដុល្លារ ដែលជាកេរមរតក ពីអតីតសាធារណរដ្ឋអាល្លឺម៉ង់ ឬ អតីតអាល្លឺម៉ង់ខាងកើត នឹងត្រូវផ្ទេរ ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ។
លោកប្រធានាធិបតីប៉ូឡូញ បានសង្កត់ធ្ងន់ ថា «បើនិយាយ អំពីយន្តហោះ MiG-29 គឺរហូតមកដល់ពេលនេះ នៅតែបន្ដប្រតិបត្តិការការពារដែនអាកាសរបស់ប្រទេសប៉ូឡូញ នៅឡើយ។ ប៉ុន្ដែការសម្រេចចិត្តរបស់ក្រុងវ៉ាសាវី ត្រូវបានធ្វើឡើង នៅក្នុងកម្រិតខ្ពស់បំផុត ហើយយើងអាចនិយាយ អំពីទំនុកចិត្តរបស់យើង ថា យើងកំពុងតែបញ្ជូន MiG ជាច្រើនគ្រឿង ទៅជួយដល់ប្រទេសអ៊ុយក្រែន»។
យ៉ាងណាមិញ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ឌូដា ធ្វើឲ្យប៉ូឡូញ ក្លាយជាប្រទេសជាសមាជិករបស់អង្គការណាតូ ដំបូងគេបំផុត ផ្គត់ផ្គង់យន្ដហោះចម្បាំង ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ក្រុងវ៉ាសាវី កំពុងតែឈានមុខគេមួយទៀត នៅក្នុងចំណោមសម្ពន្ធមិត្តរបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក នៅក្នុងការផ្គត់ផ្គង់គ្រឿងសព្វាវុធធុនធ្ងន់ ជួយដល់ក្រុងកៀវ៕