ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអាទិត្យនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន២១,៨៨២ករណី និងស្លាប់២០៩នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Bangkok Post។

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន២១.៦៣៧ករណីជាប្រជាជនទូទៅ និង ២៤៥ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២១.១០៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ 

ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន៨៧៨.២៩៤ករណី ក្នុងនោះមានអ្នកជំងឺ៦៦១.២៣៦នាក់បានជាសះស្បើយឡើងវិញ ។

យ៉ាងណាមិញ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩០៧.១៥៧ករណី និងអ្នកជំងឺ៦៨៨.៨៨១នាក់បានជាសះស្បើយឡើងវិញ ។ 

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៧.៤៥៧នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៧.៥៥១នាក់ ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ