ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន១៨,៤១៧ករណី និងស្លាប់២៩៧នាក់បន្ថែមទៀត នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ នេះយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post ៕

នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១៨,២៧១ករណីជាប្រជាជនទូទៅ និង ១៤៦ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ដោយឡែកនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ក៏មានអ្នកជំងឺ២១,១៨៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។ 

ចាប់តាំងពីថ្ងៃទី១ ខែមេសាមក នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង នៅទូទាំងប្រទេសថៃមានអ្នកជំងឺកូវីដ១៩ចំនួន១,០៧៣,៥០៥ករណី ក្នុងនោះមានអ្នកជំងឺ៨៧៥,៥៨៩នាក់បានជាសះស្បើយឡើងវិញ ។

ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលពីដើមឆ្នាំមុនមក នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១,១០២,៣៦៨ករណី និងអ្នកជំងឺ៩០៣,១៥នាក់បានជាសះស្បើយឡើងវិញ ។ 

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៩,៩៩១នាក់ ធ្វើអោយអ្នកស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់១០,០៨៥នាក់ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ