គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បន្តផ្សព្វផ្សាយ ការហាមឃាត់ និងចែកចាយបារីអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបន្តផ្សព្វផ្សាយសេចក្ដីណែនាំ ការហាមឃាត់ ការប្រើប្រាស់ ការឧបត្ថម្ភ ការចែកចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិក (វេប) ទៅដល់អគ្គលេខាធិការ និងប្រធានគណៈកម្មការជំនាញ នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សហព័ន្ធកីឡាទាំងអស់ និងសាធារណជនទូទៅ។
នាឱាកសនោះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានបញ្ជាក់នូវចំណុចសំខាន់ៗ៣ ត្រូវទទួលអនុវត្ត រួមមាន៖ ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប), នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា, ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា, មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប) ទោះក្នុងទម្រង់ឬគោលបំណងណាក៏ដោយ។
ប្រភព ដដែល បន្ដថា កីឡាគ្មានថ្នាំនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនរួមមាន៖ ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្តង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គីភ័យ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី២២ ជាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍គ្មានថ្នាំជក់លើកដំបូងដែលប្រារព្ធឡើងនៅឆ្នាំ២០០៣ ហើយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ។ ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជាព្រឹត្តិការណ៍កីឡា “FIFA” ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ក្នុងការប្រកួតទាំងមូល។
គួរបញ្ជាក់ថា នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលបង្កដោយថ្នាំជក់។ ជំងឺនាំមុខទាំង៥ រួមមាន៖ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល, ជំងឺស្ទះសរសៃឈាមបេះដូង, ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម, ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់៕