សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលប្រាំឆ្នាំកាល ប៉ុន្តែសមយុទ្ធនេះអាចជំរុញឱ្យប្រទេសកូរ៉េខាងជើងធ្វើសកម្មភាពបង្កហេតុ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៣ មីនា ២០២៣។
ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសកូរ៉េខាងជើង ដែលបានធ្វើការសាកល្បងអាវុធហាមឃាត់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
សមយុទ្ធនេះនឹងមានការហ្វឹកហាត់ប្រហែល ២០ប្រភេទ រួមមានទាំងការចូលចតទាំងលើដីគោក និងលើទឹក។ សមយុទ្ធនេះអាចដំណើរការក្នុងពេលដំណាលគ្នា ជាមួយការដាក់ពង្រាយនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ។
យោធាកូរ៉េខាងត្បូងនិយាយថា ខ្លួននឹងពង្រឹងសមត្ថភាពឆ្លើយតបបន្ថែមទៀត តាមរយៈសមយុទ្ធដែលនឹងបង្ហាញពីការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលទំនើបរបស់ប្រទេសកូរ៉េខាងជើង ព្រមទាំងការផ្លាស់ប្តូរស្ថានភាពសន្តិសុខ។
យ៉ាងណាមិញ ប្រទេសកូរ៉េខាងជើងបានតវ៉ាយ៉ាងខ្លាំងចំពោះសមយុទ្ធនេះ ហើយបាននិយាយថា ខ្លួនអាចនឹងឆ្លើយតបជាការបង្កហេតុ ប្រសិនបើសមយុទ្ធនេះបន្តទៅទៀត។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្នុងខែមីនា និងខែមេសា៕RT