តូក្យូ៖ ជប៉ុនបានបញ្ចេញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំង កាលពីថ្ងៃអង្គារនេះ បន្ទាប់ពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចចរចាស្តីពីសន្ធិសញ្ញាសន្តិភាព ជាមួយជប៉ុន ហើយបានបង្កកគម្រោងសេដ្ឋកិច្ចរួមគ្នាទាក់ទងទៅនឹងប្រជុំកោះជម្លោះគូរីល ដោយសារតែការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូ លើទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៣ មីនា ២០២២។

នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បាននិយាយថា លោកប្រឆាំងយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ដោយចាត់ទុកថា «ស្ថានការណ៍ទាំងមូលត្រូវបានបង្កើតឡើងដោយការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយការឆ្លើយតបរបស់រុស្ស៊ី មកលើទំនាក់ទំនងរវាងជប៉ុន-រុស្ស៊ី គឺជាទង្វើអយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ»។ 

ទោះយ៉ាងណាលោកបន្ថែមថា ជប៉ុននៅតែប្រកាន់ គោលជំហរក្នុងការស្វែងរកសន្ធិសញ្ញាសន្តិភាពដោយមិនមានការផ្លាស់ប្តូរ។ លោកបន្ថែមថា ជប៉ុនត្រូវតែបន្តចូលរួមជាមួយពិភពលោកក្នុងការដាក់ទណ្ឌកម្មរុស្ស៊ីដោយម៉ឺងម៉ាត់បំផុត។

គួរបញ្ជាក់ថា ជប៉ុនបានដាក់ទណ្ឌកម្មលើមនុស្សចំនួន ៧៦នាក់ ក្នុងនោះរួមមានមហាសេដ្ឋីជនជាតិរុស្ស៊ី និងស្ថាប័នដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលទីក្រុងមូស្គូ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា «នៅក្រោមស្ថានភាពបច្ចុប្បន្ន រុស្ស៊ីមិនមានបំណងបន្តកិច្ចចរចា ជាមួយជប៉ុនលើសន្ធិសញ្ញាសន្តិភាពនោះទេ ដោយសារតែជប៉ុនបានប្រកាន់ ជំហរអមិត្តដោយបើកចំហ និងព្យាយាមបំផ្លាញផលប្រយោជន៍របស់រុស្ស៊ី ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ