អន្តរជាតិ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង USS John Finn ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ក្រោយដែនកោះមួយនេះបោះឆ្នោតជ្រើសបានប្រធានាធិបតីថ្មី ប៉ុន្តែសកម្មភាពនេះក៏ទាញចិនឲ្យក្ដៅស្លឹកត្រចៀកផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ មករា ២០២៤។

កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើដំណើររបស់នាវាពិឃាដ USS John Finn ឆ្លងកាត់ច្រករបៀងក្នុងសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់គ្រប់ប្រជាជាតិទាំងអស់ ហើយគ្មានសមាជិកសហគមន៍អន្តរជាតិណាមួយត្រូវបានគំរាមសម្លុត ឬប្រើអំណាចបង្ក្រាបឲ្យបោះបង់ចោលសិទ្ធិ និងសេរីភាពរបស់ពួកគេឡើយ” ។

ពាក់ព័ន្ធនឹងបញ្ហាការធ្វើនាវាចរណ៍របស់នាវាចម្បាំងអាមេរិកនៅច្រកសមុទ្រតៃវ៉ាន់នេះទៀតសោត ក៏បានទាញយោធាចិនឲ្យក្ដៅចិត្តយ៉ាងខ្លាំងផងដែរ ហើយបានចាត់ទុកសកម្មភាពនេះថាជា “ការនាំភ្លើង និងញុះញង់បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់” ខណៈកងកម្លាំងរដ្ឋាភិបាលទីក្រុងប៉េកាំងក៏កំពុងតាមដានយ៉ាងដិតដល់លើការនាវាមួយនេះដូចគ្នា ។

សកម្មភាពការធ្វើនាវាចរណ៍របស់អាមេរិកនៅពេលនេះកើតមានត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិតៃវ៉ាន់បានប្រទះឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ២៤ គ្រឿងធ្វើប្រតិបត្តិការហោះហើរល្បាតត្រៀមប្រយុទ្ធរួមជាមួយគ្នានាវាកងទ័ពជើងទឹក ៥ គ្រឿងនៅជុំវិញដែនកោះមួយនេះ ក្រោយជ្រើសរើសបានមេដឹកនាំថ្មី ។

គួរបញ្ជាក់ថា ពលរដ្ឋតៃវ៉ាន់កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឲ្យលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច អង្គុយកៅអីជាប្រធានាធិបតីបន្ទាប់របស់ខ្លួន ខណៈទីក្រុងប៉េកាំងចាត់ទុកបុរសសម្ដីផ្អែមរូបនេះថាជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ និងជាអ្នកនាំសង្រ្គាម៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ