អន្តរជាតិ៖ បន្ទាប់ពីជប៉ុនបានស្នើឱ្យបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងមក ករណីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Hwaseong-15 ចំនួន៣គ្រាប់ គឺមានមតិថ្កោលទោសពីសកម្មភាពរបស់កូរ៉េខាងជើងថា ជាការធ្វើឱ្យតំបន់អាស៊ី និងពិភពលោកធ្លាក់ក្នុងគ្រោះថ្នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Mono News នៅថ្ងៃទី២៥ កុម្ភៈ ២០២៣។
កូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបវិញថា កន្លងមក អាមេរិក និងប្រទេសសម្ព័ន្ធមិត្តប្រព្រឹត្តអំពើញុះញង់ប្រឆាំងនឹងកូរ៉េខាងជើង ដូច្នេះ កូរ៉េខាងជើងសូមថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់អាមេរិក និងកូរ៉េខាងត្បូង គឺធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងផ្នែកកងទ័ពនៅឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើងមានសិទ្ធិការពារខ្លួនពីការគំរាមកំហែងនេះ ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ដែរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានក្លាយជាឧបករណ៍សម្រាប់ភាពស្របច្បាប់របស់អាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ហើយកូរ៉េខាងជើងបានដាស់តឿនអាមេរិក និងប្រទេសសម្ព័ន្ធមិត្តថា បើនៅតែធ្វើខ្លួនជាសត្រូវ ហើយប្រឆាំងនឹងកូរ៉េខាងជើង គឺចាត់ទុកថា ជាការប្រកាសសង្គ្រាមជាមួយកូរ៉េខាងជើង ។
សេចក្តីថ្លែងការណ៍បន្តថា អាមេរិកជាអ្នកគំរាមកំហែងសន្តិសុខនៅឧបទ្វីបកូរ៉េជាបន្តបន្ទាប់ ហើយព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត ហើយកូរ៉េខាងជើងមិនអាចទទួលយកបានទេ ហេតុនេះ អាមេរិកគួរតែដឹងខ្លួន និងទទួលយកផលវិបាកនាថ្ងៃអនាគត ។ ដូច្នេះ វិធីដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ គឺអាមេរិកត្រូវបន្ថយតួនាទីចេញមុខ និងប្រឆាំងជាមួយកូរ៉េខាងជើង ដូចជា លុបចោលការបំពាក់អាវុធយុទ្ធសាស្ត្រផ្សេងៗ រួមទាំងលុបចោលការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្រូងផងដែរ៕