មូស្គូ៖ រាល់កិច្ចពិភាក្សាស្តីពីដំណោះស្រាយសន្តិភាពនៃជម្លោះអ៊ុយក្រែនដែលមិនមានវត្តមានរុស្ស៊ី គឺគ្មានតម្លៃទេ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា ដោយសំដៅលើកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០៩ មិថុនា ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានអះអាងថា រុស្ស៊ីច្រានចោល “រូបមន្តសន្តិភាព” របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលរបបទីក្រុងកៀវ និងលោកខាងលិចកំពុងព្យាយាមលើកកម្ពស់ អំឡុងកិច្ចពិភាក្សាសន្តិភាពនៅអារ៉ាប៊ីសាអូឌីត។
ជាពិសេស គំនិតផ្តួចផ្តើមទាមទារឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីទឹកដីអ៊ុយក្រែន ហើយប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម។ បើតាមលោកស្រី ហ្សាខារ៉ូវ៉ា ផែនការសន្តិភាពនេះ ស្មើនឹងឱសានវាទគ្មានប្រយោជន៍ចំពោះរុស្ស៊ី ដែលមានបំណងអូសបន្លាយអរិភាព និងថាគ្មានដំណោះស្រាយដោយសន្តិវិធីអាចត្រូវបានសម្រេច ដោយផ្អែកលើមូលដ្ឋានបែបនេះទេ។
កិច្ចពិភាក្សាស្តីពីសន្តិភាពនៅអ៊ុយក្រែនបានប្រព្រឹត្តទៅនៅទីក្រុង Jeddah កាលពីថ្ងៃទី៥ និងទី៦ ខែសីហានេះ។ មន្ត្រីជាន់ខ្ពស់មកពីជាង ៤០ប្រទេសបានចូលរួម ក្នុងនោះរួមមានសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប។
សូមបញ្ជាក់ថា ដៃគូរបស់រុស្ស៊ីមកពីក្រុមប្រទេស BRICS មានដូចជាប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ក៏មានវត្តមាននៅក្នុងកិច្ចពិភាក្សានេះដែរ រួមជាមួយនឹងប្រទេសជាច្រើនដែលបានជ្រើសរើសអព្យាក្រឹតភាព ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សានោះទេ៕ RT